មិនថាជានារី ឬបុរសនោះទេ មិនត្រូវឱ្យខាតបង់ពេលវេលាឡើយ ត្រូវយកចិត្តទុកដាក់ចំពោះស្បែករបស់អ្នកគ្រប់ពេលវេលា។ ខណៈពេលធ្វើដំណើរផ្លូវឆ្ងាយ ឬជិត ឬឧស្សាហ៍ធ្វើដំណើរកម្សាន្ត ស្បែករបស់អ្នកនឹងទទួលរងនូវកម្លាំងខ្យល់ កម្ដៅព្រះអាទិត្យ សីតុណ្ហភាពក្នុងខ្លួន សីតុណ្ហភាពនៃបរិស្ថានជំុវិញខ្លួន ទាំងអស់នេះបណ្ដាលឱ្យសម្បុរស្បែករបស់អ្នកងាយរងនូវការខូចសុខភាពស្បែក ព្រោះថា មានមនុស្សជាច្រើនឆ្ងល់ណាស់ថា ពេលដើរកម្សាន្តទៅណាមកណាម្ដងៗ រាល់ពេលត្រឡប់មកវិញគឺ សង្កេតមើលឃើញស្បែករបស់ខ្លួនប្រែសម្បុរ ហើយជាំខ្មៅស្រអាប់មិនស្រស់ថ្លាទាល់តែសោះ។ ចំណុចនេះគឺទាមទារឱ្យអ្នកធ្វើការថែទាំស្បែករបស់អ្នក ជាពិសេសនាពេលធ្វើដំណើរ ដូច្នេះហើយទើបទស្សនាវដ្តី ឡារ៉ែន សូមផ្តល់នូវគន្លឹះសំខាន់ៗ និងល្អៗ បើចង់ជ្រាបច្បាស់ពីការថែរក្សាស្បែកខណៈធ្វើដំណើរទៅតាមតំបន់រមណីដ្ឋានក្នុងស្រុក និងក្រៅស្រុកដូចខាងក្រោមនេះ។
1- ទទួលទានទឹកឱ្យបានច្រើន
ប្រសិនបើអ្នកជាមនុស្សដែលមានស្បែកស្ងួត ខណៈពេលធ្វើដំណើររាងកាយរបស់អ្នកត្រូវការជាតិទឹកច្រើន ដូច្នេះអ្នកគួរទទួលទានទឹកឱ្យបានច្រើន ដើម្បីបំបាត់ភាពនឿយហត់ ជួយមិនឱ្យស្ងួតបំពុងក និងជួយឱ្យស្បែកមានសំណើមគ្រប់ពេល មិនស្ងួតហួតហែងដោយសារតែកម្លាំងខ្យល់ និងកម្ដៅព្រះអាទិត្យ។ ម្យ៉ាងវិញទៀត បើអ្នកទទួលទានទឹកដែលមានជាតិអំបិលរ៉ែ នោះគឺកាន់តែល្អទាំងសុខភាព និងស្បែករបស់អ្នក។
2- លាបឡេការពារកម្ដៅថ្ងៃ
ខណៈដែលអ្នកធ្វើដំណើរកម្សាន្តទៅកាន់តំបន់មាត់សមុទ្រ ឬទីរមណីដ្ឋានធម្មជាតិនានាកត្តាសំខាន់បំផុតគឺ ត្រូវលាបឡេការពារកម្ដៅថ្ងៃប្រភេទ SPF50 PA+++ ព្រោះថាវាមានប្រសិទ្ធភាពការពារស្បែកពីកម្ដៅថ្ងៃបានយ៉ាងល្អបំផុត ព្រមទាំងមិនធ្វើឱ្យស្បែកខ្លួន និងស្បែកមុខ បែកញើស ចេញខ្លាញ់ និងធំុក្លិនខ្លួនទៀតផង។
3- ប្រើម្សៅផង់ ឬម្សៅទ្រនាប់ ដើម្បីជួយការពារស្បែក
ម្សៅផង់ដែលមានលក់នៅលើទីផ្សារគឺមានច្រើនប្រភេទណាស់ ហើយអ្វីដែលសំខាន់ អ្នកត្រូវមើលការណែនាំដែលបានសរសេរបញ្ជាក់ប្រាប់នៅលើប្រអប់ និងសម្បកកំប៉ុង ដែលបង្ហាញពីភាពស័ក្ដិសមក្នុងការប្រើប្រាស់ និងត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។ ខណៈពេលដែលអ្នកលាបឡេការពារកម្ដៅថ្ងៃប្រភេទSPF50 PA+++ នៅលើស្បែកមុខមួយជាន់ហើយ នោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកចាំបាច់ត្រូវតែប្រើម្សៅផង់ ឬម្សៅទ្រនាប់ជំនួយបន្ថែមមួយជាន់ទៀត ដើម្បីជួយការពារស្បែករបស់អ្នកនៅក្នុងដំណើរកម្សាន្ត។
4- Sleeping Mask
កុំភ្លេចថែរក្សាស្បែកមុខរបស់អ្នកនាពេលរាត្រីផងណា៎ ព្រោះថាការហត់នឿយពេញមួយថ្ងៃកន្លងទៅ ស្បែករបស់អ្នកក៏មានភាពទ្រុឌទ្រោម មិនស្រស់ថ្លាឡើយ។ ដូច្នេះរឿងដែលអ្នកត្រូវយកចិត្តទុកដាក់បន្ទាប់ពីសម្រាកពីដំណើរកម្សាន្តនោះគឺ នៅពេលយប់អ្នកត្រូវប្រើប្រាស់ Sleeping Mask ដើម្បីធ្វើការម៉ាស្សាស្បែកមុខឱ្យមានសំណើម នឹងជួសជុលត្រង់ចំណុចដែលបានរងនូវការខូចខាតឡើងវិញ ដើម្បីឱ្យនៅពេលអ្នកក្រោកពីគេងវិញ ស្បែកមុខអ្នកនឹងបានស្រស់ថ្លា និងមិនអាក្រក់មើល។
5- ប្រើ Eyes Cream ការពារស្បែកភ្នែក
ការធ្វើដំណើរកម្សាន្តនៅពេលខ្លះបានធ្វើឱ្យលោកអ្នកលង់ស្នេហ៍ និងជក់ចិត្តដិតអារម្មណ៍ជាមួយទេសភាព និងរបស់ប្លែកៗ រហូតដល់អ្នកភ្លេចខ្លួនថា អ្នកសម្រាកមិនបានគ្រប់គ្រាន់។ដូច្នេះអ្នកគួរតែយកចិត្តទុកចំពោះសុខភាពស្បែកនៅជំុវិញភ្នែករបស់អ្នកផង។ អ្នកត្រូវរកផលិតផលណា ដែលអាចជួយការពារត្របកភ្នែករបស់អ្នកមិនឱ្យខ្មៅ និងជួយបំបាត់ស្នាមដក់ខ្មៅនៅក្រោមភ្នែករបស់អ្នក ដើម្បីលាបម៉ាស្សាស្បែកភ្នែកដោយថ្នមៗ។ ដើម្បីកុំឱ្យស្បែកនៅជំុវិញភ្នែករបស់អ្នករងនូវភាពខូតខាតកាន់តែខ្លាំង ហើយសូមចៀសវាង Make Up ត្របកភ្នែកខណៈដែលកំពុងធ្វើដំណើរកម្សាន្តផងដែរ។
6- ដាក់ឡេការពារកម្ដៅថ្ងៃតាមខ្លួនជានិច្ច
មិនថានៅទីកន្លែងណានោះទេ អ្នកត្រូវចង់ចាំថា អ្នកត្រូវដាក់ឡេការពារកម្ដៅថ្ងៃតាមខ្លួនជានិច្ច ទាំងឡេការពារស្បែកខ្លួន និងស្បែកមុខ។ដូច្នេះដើម្បីថែរក្សាស្បែករបស់អ្នកមិនឱ្យខូចនិងអាចរីករាយជាមួយដំណើរកម្សាន្ដរបស់អ្នកយ៉ាងពេញទំហឹង អ្នកត្រូវដាក់ឡេការពារកម្ដៅថ្ងៃជាប់តាមខ្លួន ឬនៅក្នុងកូនកាបូបឱ្យជាប់ និងត្រូវលាបឡេការពារកម្តៅថ្ងៃរៀងរាល់2ម៉ោងម្តង៕