(ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែលស្ថិតនៅទីតាំងប្រសព្វគ្នារវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) គ្រោងនឹងបញ្ចប់ដំណាក់កាលទីមួយមុនកាលកំណត់រយៈពេល 4 ខែ ពោលគឺនៅសល់ 92 ថ្ងៃទៀត បើរាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024។
ស្ពានអាកាសព្រះមុនីវង្សដែលមានកម្ពស់ 2 ជាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ជំហានទីមួយនៃគម្រោងនេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឆ្នាំ 2024 ខណៈដែលជំហានទីពីរនឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ 2025។
ស្ពានអាកាសព្រះមុនីវង្ស សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារអាម៉េរិក និងចំណាយពេលសាងសង់ជាង 30 ខែ គ្រោងនឹងបញ្ចប់ដំណាក់កាលទីមួយមុនកាលកំណត់រយៈពេល 4 ខែ ពោលគឺនៅសល់ 92 ថ្ងៃទៀត បើរាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024។
បន្ទាប់ពីត្រូវបានដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យនេះ នឹងរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយស្ថានភាពកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ៕