ក្រុមហ៊ុន GTV MOTOR បានឱ្យដឹងថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏ជាម៉ាករថយន្តរបស់កម្ពុជាផ្ទាល់ គ្រាដែលក្រុមហ៊ុននេះបានចាប់ផ្តើមផលិតរថយន្តនៅកម្ពុជា។
GTV MOTOR គឺជាក្រុមហ៊ុនមួយដែលបង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាមរយៈការផលិត និងដំឡើងរថយន្តនៅកម្ពុជា។ នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបន្ថែមថា
ក្រុមហ៊ុននេះនឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្លាំងពលកម្មជំនាញ ដែលចេញពីការបណ្តុះបណ្តាលវិជ្ជាជីវៈ។
អ្នកកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចអ្នកជំនាញដទៃ យល់ថា ការរួមចំណែករបស់ GTV MOTOR នឹងធ្វើឱ្យទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរជាងមុន ព្រោះតែទីផ្សារមានជម្រើសបន្ថែម។
យោងតាមអ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារមិនត្រឹមតែផ្គត់ផ្គង់តម្រូវការក្នុងស្រុកប៉ុណ្ណោះទេ តែអ្នកផលិតរថយន្តក៏អាចនាំចេញផលិតផលនេះតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងឡាយដែលកម្ពុជាកំពុងអនុវត្តផងដែរ៕