ស្ថានភាពនៃការនាំចេញអង្កររបស់ប្រទេសថៃ នៅក្នុងឆ្នាំ 2024 ត្រូវបានគេជឿថា នឹងមានការថយចុះ ប្រមាណ 15% ដោយសារតែល្បឿននៃការដណ្ដើមទិញស្រូវអង្ករដើម្បីបំពេញឃ្លាំងនៅលើពិភពលោក បានថមថយកម្លាំង។ នេះបើតាមទំព័រ Bloomberg ចុះផ្សាយកាលពីពេលថ្មីៗនេះ។
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ ឱ្យដឹងថា ប្រទេសនេះអាចនឹងជួបប្រទះតម្រូវការទាបជាងមុនពីអ្នកបញ្ជាទិញអង្ករនៅឥណ្ឌូណេស៊ី ដែលជាដៃគូជំនួញធំរបស់ប្រទេសថៃ កាលពីឆ្នាំកន្លង។ លោក Chookiat ថ្លែងថា ការប្រែប្រួលតម្លៃរបស់ប្រាក់បាតអាចបង្កផលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ថៃ ជាមួយនឹងបណ្ដាប្រទេសនាំចេញអង្ករធំៗរបស់ពិភពលោក។
យោងតាមតំណាងសមាគមនាំចេញអង្ករថៃ «ឥណ្ឌូណេស៊ី អាចនឹងកាត់បន្ថយការនាំចូលអង្ករ ក្រោយការបោះឆ្នោតសកលរបស់ប្រទេសនេះ» ខណៈដែលតម្លៃនៃប្រាក់បាតរបស់ប្រទេសថៃ ក៏ប្រែប្រួល ធ្វើឱ្យតម្លៃអង្កររបស់ប្រទេសនេះ ពិបាកប្រកួតប្រជែងក្នុងទីផ្សារ។
ទិន្នន័យបឋមបង្ហាញថា ការនាំចេញអង្កររបស់ថៃ បានកើនឡើងខ្ពស់បំផុតក្នុងរង្វង់ 5 ឆ្នាំមកនេះ។ ក្នុងឆ្នាំ 2023 ថៃបាននាំចេញអង្ករប្រមាណ 8.8 លានតោន ច្រើនជាងឆ្ងាយ បើធៀបនឹង 656,000 តោនរបស់កម្ពុជា៕