គោលបំណងសំខាន់នៃការរស់នៅរបស់មនុស្ស គឺស្វែងរកសេចក្តីសុខ តែជាអកុសល មនុស្សជាច្រើនបែរជាច្រឡំវិធីដើម្បីស្វែងរកសេចក្តីសុខ ហើយបែរជាបង្កើនសេចក្តីទុក្ខសម្រាប់ខ្លួនឯងទៅវិញ។
លោក គឹម អឿន នាយកប្រតិបត្តិវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានលើកឡើងថា មនុស្សជាច្រើនកំពុងរស់ក្នុងសភាពជាចំណាប់ខ្មាំងរបស់អ្នកដទៃ ព្រោះយើងអនុញ្ញាតឱ្យគេចាប់ជំរិតយើងយ៉ាងងាយស្រួល។ យើងអាចក្លាយជាចំណាប់ខ្មាំងរបស់អ្នកដទៃតាមរយៈការខ្វាយខ្វល់ច្រើនជ្រុលពីសម្តីរបស់អ្នកដទៃ ពីការទិតៀន ពីភាពឆេវឆាវដែលមានក្នុងខ្លួនយើងផ្ទាល់ និងដោយកត្តាជាច្រើនផ្សេងទៀត។
លោក គឹម អឿន បាននិយាយថា៖ «នៅពេលដែលអ្នកដទៃនិយាយប៉ះពាល់ដល់យើង យើងចាប់ផ្តើមខឹងខ្លាំងហើយតបតទៅវិញភ្លាម និងនៅពេលដែលគេគិតមិនដូចយើង ហើយនិយាយជំទាស់យើង យើងចាប់ផ្តើមពិបាកចិត្តភ្លាម។ ចំណុចទាំងអស់នេះគឺអាចបំផ្លាញសេចក្តីសុខរបស់យើងបានយ៉ាងងាយ ហើយយើងនឹងក្លាយជាចំណាប់ខ្មាំងរបស់អ្នកដទៃជាក់ជាមិនខាន»។
នាយកស្ថាប័នបណ្តុះបណ្តាលខាងលើបានលើកឡើងផងដែរថា យើងទាំងអស់គ្នាត្រូវតែបើកចិត្តឱ្យទូលាយ ហើយរស់ក្នុងនាមជាយើងខ្លួនឯងតាមរយៈការស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយកុំបណ្តោយឱ្យសេចក្តីសុខផ្ទាល់ខ្លួនបាត់បង់តាមរយៈពាក្យសម្តីរបស់អ្នកដទៃឱ្យសោះ។ ដើម្បីរក្សាសេចក្តីសុខ គឺយើងកុំអនុញ្ញាតឱ្យអ្នកណាមកធ្វើបាបយើងស្រេចនឹងចិត្តបាន តាមរយៈការរស់នៅប្រកបដោយសន្តិភាព និងសម្របខ្លួនឱ្យបានគ្រប់ស្ថានភាព។
ស្រដៀងគ្នានេះដែរ លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកានៃក្រុមហ៊ុន DFurniture បានថ្លែងថា ការដេញតាមសម្ភារនៃសង្គមក៏ជាប្រភពមួយដែលនាំឱ្យយើងពិបាកដែរ។ មនុស្សជាច្រើននាសម័យនេះ តែងតែព្យាយាមស្វែងរកថវិកាដើម្បីផ្គត់ផ្គង់លើការទិញសម្ភារទំនើបដែលតែងតែចេញជារៀងរាល់ថ្ងៃ ហើយអ្វីដែលគាត់ធ្វើគឺដើម្បីឱ្យឃើញពីភាពទាន់សម័យ ឬភាពមានបានតាមការឱ្យតម្លៃរបស់សង្គម។
សហគ្រិនខាងលើ បានលើកឡើងថា សម្រាប់លោកជំទាវផ្ទាល់គឺមិនចូលចិត្តដេញតាមសម្ភារនិយមនោះទេ ព្រោះលោកជំទាវមានវិធីសាស្ត្រចាយវាយប្រកបដោយសេចក្តីសុខបែបផ្សេង។ ការដែលដេញតាមសម្ភារ គឺយើងមិនអាចដេញទាន់នោះទេ ព្រោះរបស់ទាំងអស់នោះវាចេញថ្មីជារៀងរហូតមិនចេះចប់មិនចេះហើយ ហេតុនេះយើងនឹងត្រូវខ្វល់ខ្វាយ និងរកមធ្យោបាយដើម្បីតែស្វែងរកវារហូត។ សម្រាប់លោកជំទាវ គឺទិញរបស់មានតម្លៃសម្រាប់ខ្លួនឯងនៅពេលណាដែលមានសមិទ្ធផល ឬទទួលបានជោគជ័យថ្មីតែប៉ុណ្ណោះ៕