ដោយមានប្រជាជនច្រើន និងក្មេង វៀតណាមមានឱកាសយកឈ្នះលើប្រទេសស្ទើរតែទាំងអស់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ស្ដីពីសេដ្ឋកិច្ច មានដូចជា សិង្ហបុរី ថៃ និងម៉ាឡេស៊ីជាដើម ហើយក្លាយជាប្រទេសមានចំណូលខ្ពស់ចាប់ពីឆ្នាំ 2045។
ថ្មីៗនេះ ជម្ឈមណ្ឌលព្យាករ វិភាគសេដ្ឋកិច្ចឯករាជ្យរបស់អង់គ្លេស (CEBR) បានប្រកាសរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំលើកទី 14 និងបញ្ជីចំណាត់ថ្នាក់សម្ព័ន្ធសេដ្ឋកិច្ចពិភពលោក (World Economic League Table – WELT)។ ក្នុងរបាយការណ៍នេះ CEBR ព្យាករថា វៀតណាមនឹងបោះជំហានយ៉ាងធំនៅ 14 ឆ្នាំទៀត។
ក្នុងឆ្នាំ 2023 កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការកើនឡើង។ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប (GDP) កើន 5.05% និងអតិផរណាកើនតែ 3.25%។ GDP របស់ប្រទេសនេះ សម្រេចបានប្រមាណ 430 ពាន់លានដុល្លារអាម៉េរិក ត្រូវជាប់ចំណាត់ថ្នាក់ទី 34 នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ CEBR ក្នុងឆ្នាំ 2023។
សម្រាប់ឆ្នាំ 2024 CEBR ព្យាករថា វៀតណាមអាចនឹងជាប់ចំណាត់ថ្នាក់ទី 33 ក្នុងបញ្ជីចំណាត់ថ្នាក់ WELT ដោយកើនឡើងមួយថ្នាក់ បើធៀបនឹងរបាយការណ៍ឆ្នាំ 2023។ GDP ឆ្នាំ 2024 របស់ប្រទេសនេះ នឹងសម្រេចបាន 462 ពាន់លានដុល្លារអាម៉េរិក (គិតក្នុងតម្លៃបច្ចុប្បន្ន)។
របាយការណ៍របស់ CEBR បានវាយតម្លៃថា ចំណាត់ថ្នាក់នៃទំហំសេដ្ឋកិច្ចរបស់វៀតណាម អាចកើនឡើងខ្ពស់យ៉ាងលឿនក្នុងអនាគត។ វៀតណាមនឹងជាប់ចំណាត់ថ្នាក់ទី 24 នៅក្នុងឆ្នាំ 2033 ដោយទំហំសេដ្ឋកិច្ចនឹងសម្រេចបាន 1,050 ពាន់លានដុល្លារ។
ដល់ឆ្នាំ 2038 GDP របស់ប្រទេសជិតខាងកម្ពុជាមួយនេះ គ្រោងនឹងសម្រេចបាន 1,559 ពាន់លានដុល្លារអាម៉េរិក ត្រូវជាប់ចំណាត់ថ្នាក់ទី 21 ដែលយកឈ្នះលើខឿនសេដ្ឋកិច្ចធំៗនៅអាស៊ាន មានដូចជា ថៃ (1,313 ពាន់លានដុល្លារ), សិង្ហបុរី (896 ពាន់លានដុល្លារ), ហ្វ៊ីលីពីន (1,536 ពាន់លានដុល្លារ) ហើយឡើងដល់ក្រុមប្រទេសទាំង 25 ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។
យោងតាម CEBR វៀតណាម ដែលមានប្រជាជនច្រើន និងក្មេង នឹងមានឱកាសយកឈ្នះលើប្រទេសស្ទើរតែទាំងអស់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ស្ដីពីទំហំសេដ្ឋកិច្ច មានដូចជា ប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ីជាដើម ហើយក្លាយជាប្រទេសមានចំណូលខ្ពស់ចាប់ពីឆ្នាំ 2045៕