នាយករដ្ឋមន្ត្រីថៃ Srettha Thavisin នាថ្ងៃទី 02 មករា 2024 នេះ បានឱ្យដឹងថា ប្រទសថៃ និងប្រទេសចិន នឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជារៀងរហូតដល់ពលរដ្ឋរបស់គ្នា ចាប់ពីថ្ងៃទី 01 មីនា 2024។
នេះគឺជាជំហានថ្មីមួយ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ បានចាប់ផ្ដើមអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជាឯកតោភាគី ដល់ពលរដ្ឋចិន ចាប់ពីថ្ងៃទី 25 កញ្ញា 2023 និងបញ្ចប់ត្រឹមថ្ងៃទី 29 កុម្ភៈ 2024។
លទ្ធផលខាងលើស្ថិតក្នុងគោលនយោបាយរបស់ថៃ ក្នុងបំណងពង្រឹង «អំណាច» របស់លិខិតឆ្លងដែនថៃនៅលើឆាកអន្តរជាតិ។
ក្រសួងទេសចរណ៍និងកីឡាថៃ កាលពីម្សិលមិញបានប្រកាសថា ប្រទេសនេះបានទទួលភ្ញៀវអន្តរជាតិចំនួន 28.04 លាននាក់ នៅក្នុងឆ្នាំ 2023។ ក្នុងនោះ ប្រទេសចិនឈរលំដាប់ទីពីរ (3.52 លាននាក់) ក្នុងចំណោមប្រទេស និងដែនដីដែលមានពលរដ្ឋមកលេងប្រទេសនេះច្រើនជាងគេនៅក្នុងឆ្នាំ 2023។
ប្រទេសថៃដាក់គោលដៅទទួលភ្ញៀវអន្តរជាតិឱ្យបានយ៉ាងតិច 35 លាននាក់នៅក្នុងឆ្នាំ 2024 ក្នុងនោះ ពលរដ្ឋចិនត្រូវបានរំពឹងថា នឹងរួមចំណែកប្រហែល 8 លាននាក់៕