ផ្ទៃដីប្រមាណ 1,000 ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នឹងត្រូវបានរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញអ្នកវិនិយោគចិននៅខេត្តយុនណានជាពិសេស មកបណ្ដាក់ទុនក្នុងវិស័យកសិ-ចំណីអាហារនៅកម្ពុជា។
នាព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អ.ក.អ) ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួបគណៈប្រតិភូនៃមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង ដើម្បីពិភាក្សាការងារអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ នេះបើតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងជំនួបនេះ ភាគីកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្នុងឆ្នាំ 2024 ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួន មកធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ 1,000 ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងបំណងចងក្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារ នៃខេត្តយុនណាន មកបណ្តាក់ទុនវិនិយោគដើម្បីបំពេញតម្រូវការទីផ្សារចំណីអាហារនៅកម្ពុជា និងនៅក្នុងតំបន់។
យោងតាម ក.អ.ក ភាគីកម្ពុជា ក៏បានបញ្ជាក់អំពីការគាំទ្ររបស់ខ្លួន លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងអនុតំបន់ដែលកំពុងតែរងផលជះអវិជ្ជមានពីបញ្ហាប្រឈមសកលតាមរយៈ ការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជា ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាហត្ថលេខី។
ជាការឆ្លើយតប សមភាគីចិន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន៕