យន្តហោះអវកាសដ៏អាថ៌កំបាំង X-37B ត្រូវបានបាញ់បង្ហោះតាមរ៉ុក្កែត Falcon Heavy ពី Florida ចាប់ផ្ដើមបេសកកម្មទី 7 នៅលើគន្លងតារាវិថីខ្ពស់ជាង បើធៀបនឹងបេសកកម្មមុនៗ។
យានអវកាសស្វ័យប្រវត្ត X-37B របស់កងទ័ពអាម៉េរិក ហោះទៅកាន់ទីអវកាសតាមរយៈរ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុនអាម៉េរិក SpaceX ពីមជ្ឈមណ្ឌលអវកាស Kennedy (KSC) របស់ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា – NASA) កាលពីវេលាម៉ោង 20 និង 07 នាទី ថ្ងៃទី 28 ធ្នូកន្លងទៅ ដែលត្រូវនឹងម៉ោង 07 និង 07 នាទី ថ្ងៃទី 29 ធ្នូ នៅកម្ពុជា ក្រោយពីបានពន្យារពេលច្រើនសប្ដាហ៍ ដោយសារអាកាសធាតុមិនល្អ។
ការបាញ់បង្ហោះកាលពីថ្ងៃទី 28 ធ្នូ គឺជាជើងហោះហើរទី 7 របស់ X-37B និងជាជើងហោះហើរដំបូងដែលធ្វើឡើងជាមួយនឹងរ៉ុក្កែត Falcon Heavy ដែលជារ៉ុក្កែតកម្លាំងខ្លាំងជាងគេលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីប្រព័ន្ធបាញ់បង្ហោះអវកាសរបស់ណាសា។ នេះក៏ជាការបាញ់បង្ហោះរ៉ុក្កែតលើកទី 95 របស់ SaceX នៅក្នុងឆ្នាំ 2023។
បេសកកម្មថ្មីរបស់ X-37B នេះ មានឈ្មោះថា OTV-7 (Orbital Test Vehicle-7) ឬហៅថា USSF-52។ គោលដៅសំខាន់របស់ជើងហោះហើរនេះគឺធ្វើឡើងដើម្បី «ដំណើរការយន្តហោះរអវកាសដែលអាចប្រើប្រាស់ឡើងវិញ នៅលើគន្លងតារាវិថីថ្មី»។
X-37B មានរូបរាងស្រដៀងនឹងយានអវកាស Shuttle ដែលបានចូលនិវត្តន៍របស់ណាសា ប៉ុន្តែតូចជាងឆ្ងាយ។ យានដែលគ្មានមនុស្សបើកបរ X-37B មានបណ្ដោយ 8.8 ម៉ែត្រ និងស្លាបប្រវែង 4.6 ម៉ែត្រ ខណៈដែល Shuttle មានបណ្ដោយ 37 ម៉ែត្រ និងស្លាបប្រវែងជាង 24 ម៉ែត្រ។ កងកម្លាំងអវកាសអាម៉េរិក មានយាន X-37B ចំនួនពីរគ្រឿងដែលសុទ្ធតែផលិតដោយក្រុមហ៊ុន Boeing។
ព័ត៌មានលម្អិតស្ដីពីបេសកកម្ម OTV-7 មិនត្រូវបានបង្ហើបឱ្យដឹងជាសាធារណៈនោះទេ ប៉ុន្តែបេសកកម្មចំនួន 6 នាពេលកន្លងរបស់ X-37B សុទ្ធតែអូសបន្លាយពេលជាង 7 ខែ និងហោះក្នុងគន្លងគោចរកម្រិតទាប ត្រឹមតែប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ។ យោងតាមទំព័រសារព័ត៌មាន Space រ៉ុក្កែត Falcon Heavy អាចនាំ X-37B ឡើងទៅកាន់កម្ពស់ 35,000 គីឡូម៉ែត្រ៕