(ប្រទេសស៊ីលី) – រថយន្តអគ្គិសនី Terren ដែលប្រើប្រាស់ថាមពលព្រះអាទិត្យ បង្កើតបានប្រវត្តិសាស្ត្រថ្មី នៅពេលបរឡើងខ្នងភ្នំភ្លើងសកម្មខ្ពស់បំផុតលើពិភពលោក។
ក្រុម Peak Evolution ដែលមានគ្នា 3 នាក់ ធ្វើការនៅប្រទេសស្វ៊ីស បើកបររថយន្តដឹកទំនិញប្រើថាមពលព្រះអាទិត្យ Terren ឡើងខ្នងភ្នំភ្លើង Ojos del Salado នៅប្រទេសស៊ីលី ដែលជាភ្នំភ្លើងសកម្មខ្ពស់បំផុតលើពិភពលោក។ នេះគឺជាលើកដំបូងដែលរថយន្តអគ្គិសនីអាចបរឡើងដល់កម្ពស់ 6,500 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។ យោងតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 27 ធ្នូ នេះគឺជាជំហានថ្មីរបស់បច្ចេកវិទ្យាបៃតង។
រថយន្ត Terren សម្រាប់ប្រើប្រាស់ក្នុងដំណើរកម្សាន្តបែបផ្សងព្រេង គឺជារថយន្តដឹកទំនិញដែលត្រូវបានកែច្នៃពីរថយន្តម៉ូដែល Aebi VT450 Transporter របស់ក្រុមហ៊ុនស្វ៊ីស Aebi Schmidt។ សមាជិករបស់ក្រុម Peak Evolution បានអភិវឌ្ឍ Terren ឱ្យទៅជារថយន្តអគ្គិសនីពហុមុខងារ។
Terren បំពាក់ប្រព័ន្ធបើកបរកង់ក្រោយដើម្បីបង្កើនភាពបត់បែន និងប្រើប្រាស់ថ្មផ្ទុកអគ្គិសនី 90kWh ដែលអាចធ្វើដំណើរបាន 200 គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលមួយពេញ។ ប្រព័ន្ធថាមពលបម្រុងដែលរួមមាន ថ្មផ្ទុកអគ្គិសនី 3 គ្រាប់ ជួយឱ្យរថយន្តនេះដំណើរការដោយរលូន។
កាលពីចុងខែវិច្ឆិកា 2023 ក្រុម Peak Evolution សម្រេចបានជំហានសំខាន់ នៅពេលធ្វើដំណើរឡើងដល់កម្ពស់ជាង 6,000 ម៉ែត្រ ដែលបំបែកកំណត់ត្រារបស់រថយន្តអគ្គិសនី។ ប្រហែលមួយសប្ដាហ៍ក្រោយ ពួកគេបន្តបង្កើតបានកំណត់ត្រាថ្មី ដោយឡើងដល់កម្ពស់ 6,500 ម៉ែត្រ។ បន្ទាប់ពីបង្កើតបានកំណត់ត្រាថ្មី ក្រុមនេះមានគម្រោងបន្តការសាកល្បង និងអភិវឌ្ឍរថយន្តអគ្គិសនីនេះ មុននឹងដាក់ឱ្យធ្វើពាណិជ្ជកម្ម៕