(ភ្នំពេញ) – ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023 កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃសរុបជាង 20.49 ពាន់លានដុល្លារអាម៉េរិក កើន 1.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លង។ នេះបើតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមស្ថិតិរបស់ GDCE ការនាំទំនិញពីកម្ពុជាទៅកាន់ សហរដ្ឋអាមេរិក សម្រេចបាន 8.14 ពាន់លានដុល្លារ នៅក្នុង 11 ខែដំបូងនៃឆ្នាំ 2023 ដែលនេះប្រហែលនឹង 39.7% បើធៀបនឹងតម្លៃនាំចេញសរុប ប៉ុន្តែថយចុះ 0.9% បើធៀបនឹង 11 ខែដំបូងនៃឆ្នាំ 2022។ សហរដ្ឋអាម៉េរិក បច្ចុប្បន្នគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។
ក្រៅពីទីផ្សារខាងលើ កម្ពុជាក៏នៅមានទីផ្សារនាំចេញធំៗមួយចំនួនផ្សេងទៀត ក្នុងនោះវៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា ដោយតម្លៃនៃការនាំចេញសម្រេចបាន 2.61 ពាន់លានដុល្លារអាម៉េរិក ខណៈដែលទីផ្សារចិនសម្រេចបាន 1.31 ពាន់លានដុល្លារ ជប៉ុនសម្រេចបាន 1.06 ពាន់លានដុល្លារ និងកាណាដាសម្រេចបានជាង 774 ពាន់លានដុល្លារ។
ជារួម តម្លៃនៃការនាំចេញទំនិញទៅកាន់ទីផ្សារធំៗចំនួនប្រាំខាងលើ រួមចំណែករហូតដល់ 67.8% នៅក្នុងតម្លៃនាំចេញសរុបជាង 20.49 ពាន់លានដុល្លារអាម៉េរិករបស់កម្ពុជា ក្នុងរង្វង់ 11 ខែដំបូងនៃឆ្នាំនេះ និងកើន 4.45% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022៕