(ខេត្តព្រះសីហនុ) – នាវាទេសចរណ៍ខ្នាតធំ Westerdam នាថ្ងៃទី 28 ធ្នូ 2023 នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យភ្ញៀវនៅលើនាវានេះឡើងមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តកែប។ នេះបើតាមទំព័រ CPP។
នេះគឺជាការចូលចតជាលើកទីពីររបស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែរបស់កម្ពុជា បន្ទាប់ពីការចូលចតលើកទីមួយកាលពីឆ្នាំ 2020 ជាពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាព និងជាពេលដែលនាវានេះត្រូវបានប្រទេសជាច្រើនបដិសេធការស្នើសូមចូលចត។
ការចូលចតជាលើកទីពីរដែលធ្វើឡើងនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2023 របស់ Westerdam គឺមានភ្ញៀវទេសចរណ៍ជាងពីរពាន់នាក់។ ដំណើរចូលចតជាថ្មីនេះ ត្រូវបានក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏ដូចជារំលឹកខួបបីឆ្នាំនៃការស្នើសូមចូលចតរបស់នាវា Westerdam នៅកម្ពុជា។
យោងតាមឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវជាងពីរពាន់នាក់នៅលើនាវានេះ មានភ្ញៀវប្រមាណ 500 នាក់បានឡើងមកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និងខេត្តកែប។
«តាមរយៈការចូលចតជាលើកទីពីររបស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹមដូច្នេះ។
យោងតាមឯកឧត្ដមរដ្ឋមន្ត្រី នាវាទេសចរណ៍នេះនឹងចតនៅកម្ពុជាក្នុងរយៈពេលមួយថ្ងៃ ហើយគ្រោងនឹងចាកចេញពីកម្ពុជានៅវេលាម៉ោង 9 យប់នេះ។
នៅក្នុង 11 ខែដំបូងនៃឆ្នាំ 2023 កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង 4.91 លាននាក់ ក្នុងនោះភ្ញៀវពីប្រទេសថៃមានចំនួនច្រើនជាងគេ ពោលគឺ 1.65 លាននាក់ ខណៈភ្ញៀវពីវៀតណាមច្រើនជាងគេលំដាប់ទីពីរ និងចិនលំដាប់ទីបី៕