បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយបច្ចុប្បន្នកំពុងទទួលបានចំណាប់អារម្មណ៍ពីទីផ្សារឥណ្ឌូណេស៊ី។
កាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះបើតាម សហព័ន្ធស្រូវអង្ករកម្ពុជា។
បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ក្នុងនោះ ថ្មីៗនេះ កម្ពុជាទើបតែបាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅកាន់ទីផ្សារមួយនេះ។
យោងតាម សហព័ន្ធស្រូវអង្ករកម្ពុជា គិតមកដល់ពេលនេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មានរោងម៉ាស៊ីនចំនួន 130 ដែលមានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ ចំណែកឯសមត្ថភាពកិនកែច្នៃអង្ករវិញ រោងម៉ាស៊ីនកិនស្រូវទាំងនេះ អាចកែច្នៃបាន 1,200 តោនក្នុងមួយម៉ោង ខណៈដែលឡសម្ងួតវិញ មានសមត្ថភាពសម្ងួតបានជាង 42,000 តោនក្នុងមួយថ្ងៃ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានឱ្យដឹងថា រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាទុកស្រូវបាន 2 លានតោនក្នុងមួយវគ្គ ហើយអាចកិនកែច្នៃ និងផ្គត់ផ្គង់អង្ករបានរហូតដល់ជាង 4 លានតោនក្នុងមួយឆ្នាំ៕