យានអវកាស SLIM នឹងត្រៀមខ្លួនចុះចតលើផ្ទៃរបស់ព្រះចន្ទនៅក្នុងខែមករា ឆ្នាំ 2024 ដែលអាចនាំឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំធ្វើបានដូច្នេះ បន្ទាប់ពី សូវៀត សហរដ្ឋអាម៉េរិក ចិន និងឥណ្ឌា។
យានចុះចតលើឋានព្រះចន្ទដោយស្វ័យប្រវត្ត SLIM របស់ជប៉ុន បានហោះដល់គន្លងតារាវិថីព្រះចន្ទកាលពីថ្ងៃទី 25 ធ្នូ 2023 ដូចការគ្រោងទុក។ នេះបើតាមទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះចូលដល់គន្លងតារាវិថីព្រះចន្ទ នៅវេលាម៉ោង 13 និង 51 នាទី ថ្ងៃទី 25 ធ្នូ ម៉ោងនៅកម្ពុជា។
យោងតាមចាសា យាន SLIM កំពុងហោះហើរទៅតាមគន្លងគោចររាងពងក្រពើ និងចំណាយពេល 6.4 ម៉ោង ដើម្បីហោះបានមួយជុំព្រះចន្ទ ពីកម្ពស់ 600 គីឡូម៉ែត្រនៅតំបន់ដែលជិតបំផុត និង 4,000 គីឡូម៉ែត្រ នៅតំបន់ដែលឆ្ងាយបំផុត។ នេះគឺជាជំហានថ្មីដែលបញ្ជាក់ថា SLIM កំពុងឆ្ពោះជិតដល់គោលដៅចុះចតលើឋានព្រះចន្ទនៅថ្ងៃទី 19 មករា ឆ្នាំ 2024។
នេះនឹងជាជោគជ័យក្នុងប្រវត្តិសាស្ត្រ ព្រោះថា មកដល់បច្ចុប្បន្ន មានតែប្រទេសចំនួនបួនប៉ុណ្ណោះ រួមមាន សូវៀត សហរដ្ឋអាម៉េរិក ចិន និងឥណ្ឌា ដែលបានបញ្ជូនយានអវកាសទៅចុះចតលើផ្ទៃព្រះចន្ទដោយជោគជ័យ។
យាន SLIM ដែលមានប្រវែង 2.7 ម៉ែត្រ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី 06 កញ្ញា 2023 រួមជាមួយនឹង XRISM ជាតេឡេស្កុបអវកាសប្រើកាំរស្មី X កម្លាំងខ្លាំង។
ចាសាឱ្យដឹងថា SLIM មានបេសកកម្មស្វែងរកវិធីចុះចតប្រកបដោយសុវត្ថិភាព ដែលជារឿងចាំបាច់សម្រាប់យានចុះចតនាពេលអនាគត៕