យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ 2023 កម្ពុជានាំចេញអង្ករប្រមាណ 670,000 តោន ប៉ុន្តែអាចនឹងខ្វះអង្ករសម្រាប់ការនាំចេញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2024។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា ឆ្នាំ 2023 កម្ពុជានាំចេញអង្ករប្រមាណ 670,000 តោន ដែលកើនពី 5 ទៅ 10% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ ប៉ុន្តែ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា បើទោះជាការនាំចេញកើនឡើងបន្តិច ប៉ុន្តែតម្លៃអង្ករកម្ពុជាលក់បានថ្លៃជាង បើធៀបនឹងតម្លៃមធ្យមភាគនៅក្នុងទីផ្សារ។
ក៏ប៉ុន្តែ អ្នកជំនួញរូបនេះបានព្យាករថា តម្លៃអង្ករកម្ពុជាក្នុងឆ្នាំ 2024 នឹងកើនឡើងបន្តទៀត គ្រាដែលកម្ពុជាអាចនឹងខ្វះអង្ករសម្រាប់ការនាំចេញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2024។ ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថា ចាប់ពីត្រីមាសទីពីរនៃឆ្នាំ 2024 កំណើននៃការនាំចេញអង្កររបស់កម្ពុជា នឹងកើនឡើងខ្ពស់។
យោងតាមអ្នកជំនួញខាងលើ មូលហេតុនៃបញ្ហាកង្វះអង្ករនាំចេញនេះ គឺដោយសារទិន្នផលស្រូវដែលប្រមូលបានក្នុងអំឡុងពីខែមករាដល់ខែមីនា មិនអាចឆ្លើយតបបានចំពោះតម្រូវការនាំចេញ។ «ដូច្នេះ យើងមិនសង្ឃឹមថា ការនាំចេញអង្ករនឹងកើននៅក្នុងត្រីមាសទីមួយ ប៉ុន្តែយើងសង្ឃឹមទៅលើត្រីមាសទីពីរ ព្រោះពេលនោះយើងប្រមូលផល ហើយបរិមាណអង្ករនាំចេញនឹងកើនឡើង។ តម្លៃស្រូវក្នុងស្រុកក៏នឹងកើនឡើង ព្រោះតែអង្ករឡើងថ្លៃ» ឧកញ៉ា សុង សារ៉ន បញ្ជាក់ដូច្នេះ។
នៅក្នុង 11 ខែដំបូងនៃឆ្នាំ 2023 កម្ពុជាបាននាំចេញអង្ករជិត 600,000 តោន ដែលមានតម្លៃសរុបជាង 420 លានដុល្លារអាម៉េរិក។ ក្នុងនោះ ចិនគឺជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា ដោយបានទិញ 198,761 តោន។ ទីផ្សារធំបន្ទាប់គឺ បណ្ដាប្រទេសនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក៕