មនុស្សជាច្រើនបានជួបប្រទះនូវបញ្ហានឿយហត់ និងធុញទ្រាន់ជាមួយការងារ ដោយសារតែភាពមមារញឹកពេក ទើបបណ្ដាលឱ្យអ្នកមានអារម្មណ៍ថាល្វើយ។ ធ្វើការងារពេញមួយថ្ងៃ ខួរក្បាលរបស់អ្នកចាប់ផ្ដើមទន់ខ្សោយអស់ថាមពល ម្យ៉ាងអារម្មណ៍មួយដែលឃើញមិត្តរួមការងារនៅក្នុងក្រុមហ៊ុនបានបញ្ចប់ការងារតាមពេលវេលាកំណត់ តែខ្លួនបែរជាត្រូវធ្វើការបន្ថែមម៉ោងនោះ បែបនេះកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ចុះខ្សោយ និងចង់សម្រាកកាន់តែខ្លាំងឡើង។ ទម្លាប់ហាត់ប្រាណគឺជារឿងសំខាន់ចាំបាច់មួយ ដែលធ្វើឱ្យសុខភាពអ្នកល្អប្រសើរ ក៏ប៉ុន្ដែភាពនឿយហត់ និងរវល់ជាមួយការងារ បានធ្វើឱ្យអ្នកមើលរំលងការហាត់ប្រាណ និងបណ្ដុះនិស្ស័យខ្ចិលជាប់មករាល់ថ្ងៃ។ ដូច្នេះដើម្បីឱ្យសុខភាពល្អ និងសម្រស់កាន់តែក្មេងជាងវ័យ បើទោះបីជារវល់ប៉ុណ្ណាក៏ដោយនោះ អ្នកគប្បីគួរតែព្យាយាមក្រោកហាត់ប្រាណនាពេលព្រឹកព្រលឹម។ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបជូននូវគន្លឹះតៀមខ្លួនក្នុងការហាត់ប្រាណនាពេលព្រឹក ដល់ប្រិយមិត្តទាំងអស់គ្នាឱ្យបានដឹង និងអនុវត្តន៍តាម ធានាថាមានប្រសិទ្ធភាពល្អបំផុតសម្រាប់សុខភាពអ្នក និងសម្រស់របស់អ្នក។
1 សាកល្បងគូរូបភាពនៅក្នុងខួរក្បាលថា ជាថ្ងៃដែលស្រស់ថ្លាបំផុត
អ្នកត្រូវតែសាកល្បងគូរូបភាពតំបន់ដែលមានទេពភាពស្រស់ស្រាយ ជាទីកន្លែងអ្នកត្រូវក្រោកទៅហាត់ប្រាណនាពេលព្រឹកព្រលឹម ហើយក៏ជាទីតាំងដែលមានខ្យល់អាកាសបរិសុទ្ធ សម្បូរដោយអុកស៊ីហែ៊្សន ខណៈដែលអ្នកស្រូបខ្យល់ចូលទៅក្នុងរាងកាយ គឺធ្វើឱ្យផ្លូវដង្ហើម និងសួតរបស់អ្នកមានអារម្មណ៍ថា ស្រស់ថ្លា និងបរិសុទ្ធក្រៃលែង។ សាកនឹកពីរូបភាពដែលអាចធ្វើឱ្យអ្នកស្រូបយកខ្យល់អាកាស និងទទួលបានវីតាមីនពីពន្លឺរស្មីព្រះអាទិត្យរះឡើងនាពេលព្រលឹមស្រាងៗ ព្រោះការនឹករូបភាពអស់ទាំងនេះ នឹងជួយឱ្យអ្នកកាន់តែមានអារម្មណ៍ចង់ក្រោកហាត់ប្រាណ។
2 ដាក់ម៉ោងរោទិ៍
មនុស្សខ្លះអាចនឹងដាក់ម៉ោងរោទិ៍ចំនួន2ដង និងរោទិ៍រៀងរាល់5នាទីម្ដង ហើយរឿងដែលសំខាន់គឺត្រូវតាំងនាឡិការរោទិ៍នៅឆ្ងាយពីគ្រែគេង ឬឱ្យឆ្ងាយពីក្បាលដំណេករបស់អ្នក។ ប្រសិនបើការក្រោកដោយការដាស់តាមរយៈនាឡិការ នៅតែមិនទាន់ធ្វើឱ្យអារម្មណ៍របស់អ្នកស្វាងឡើងទេនោះ អ្នកអាចក្រោក រួចទៅបើកភ្លើង ព្រោះពន្លឺភ្លើងអាចនឹងធ្វើឱ្យភ្នែកអ្នកស្វាងពីដំណេក។
3 ការត្រៀមឧបករណ៍ឱ្យរួចរាល់
អ្នកត្រូវត្រៀមឧបករណ៍ឱ្យរួចរាល់នាពេលយប់ឱ្យហើយ ងាយស្រួលក្រោកពីព្រឹកទៅហាត់ប្រាណ ដោយអ្នកមិនចាំបាច់នឿយហត់ក្នុងការស្វែងរកឧបករណ៍ហាត់ប្រាណនាពេលព្រឹកនោះទេ។
4 ត្រៀមកន្សែងបង់កពណ៌ក្រហម
អ្នកជំនាញនិយាយថា ពណ៌ក្រហមជាពណ៌ដែលធ្វើឱ្យអ្នកមានកម្លាំងនាពេលព្រឹក ដូច្នេះការត្រៀមកន្សែងបង់កពណ៌ក្រហមគឺរឿងល្អបំផុតសម្រាប់ធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងពីអាការងងុយគេង ព្រមទាំងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងទៀតផង។
5 ក្រឡេកមើលអ្នកហាត់ប្រាណជុំវិញខ្លួន
ប្រសិនបើអ្នកក្រឡេកមើលមនុស្សដែលកំពុងហាត់ប្រាណនៅជុំវិញខ្លួនអ្នក នោះអ្នកនឹងមានអារម្មណ៍ថា មិនខ្មាសអៀន និងឯកានោះឡើយ យ៉ាងហោចណាស់ក៏អ្នកមិនភ័យខ្លាចក្នុងការហាត់ប្រាណដែរ។
6 ទទួលទានអាហារពេលព្រឹក
នាពេលព្រឹកមុនចេញទៅហាត់ប្រាណ អ្នកគួរទទួលទានអាហារដូចជា ប្រភេទគ្រប់ធញ្ញជាតិ ឬអាហារសម្រន់ ព្រមទាំងទទួលទានតែក្ដៅៗ និងទឹកដោះគោស្រស់ផងដែរ ព្រោះថាការធ្វើបែបនេះ នឹងជួយឱ្យអ្នកមានកម្លាំងថាមពលក្នុងរាងកាយគ្រប់គ្រាន់ ដើម្បីធ្វើការហាត់ប្រាណ។
7 ត្រៀមទឹកសុទ្ធដាក់តាមខ្លួន
ការហាត់ប្រាណ គឺបានដុតរំលាយខ្លាញ់ដែរមាននៅក្នុងរាងកាយ ជាហេតុបណ្ដាលឱ្យអ្នកហត់ និងបែកញើសច្រើន។ ទម្លាប់ល្អមួយដែលអ្នកមិនអាចរំលងបាននោះគឺ ការត្រៀមទឹកសុទ្ធដាក់តាមខ្លួនជាប់ជានិច្ចនាពេលហាត់ប្រាណ។
8 បបួលមិត្តភក្ដិទៅជាមួយ
សាកល្បងបបួលមិត្តភក្ដិទៅជាមួយគ្នា ដើម្បីទទួលបានការប្រឹក្សាយោបល់ និងជាកម្លាំងចិត្តក្នុងហាត់ប្រាណ ព្រោះថា មានគ្នាច្រើនប្រសើរជាងទៅតែម្នាក់ឯង ម្យ៉ាងទៀតបើមានប្រការគ្រោះថ្នាក់ គ្រេចថ្លោះអ្វី មិត្តអ្នកអាចជួយអ្នកបានទាន់ពេលវេលា។
9 ត្រៀមថ្នាំរឹត
នៅពេលហាត់ប្រាណថ្ងៃដំបូង អ្នកអាចនឹងមានអារម្មណ៍ថា ចុកស្រពន់ដៃជើងបន្ដិច។ ដូច្នេះហើយអ្នកត្រូវត្រៀមថ្នាំរឹត ដែលជាប្រភេទថ្នាំមានសារធាតុម៉ុងតុលហើយក្ដៅ ដែលអាចជួយសម្រួលពន្លាសាច់ដុំ និងសន្លាក់បានយ៉ាងមានប្រសិទ្ធភាព និងជួយមិនឱ្យកើតមានអាការឈឺចាប់។
10 ព្យាយាមឱ្យទម្លាប់ល្អនេះជាប់ជានិស្ស័យ
ទង្វើដែលអ្នកធ្វើដដែរៗ នោះអាចប្រែក្លាយមកជាទម្លាប់ ដូច្នេះអ្នកគួរព្យាយាមរក្សាទម្លាប់ហាត់ប្រាណនាពេលព្រឹកនេះឱ្យក្លាយជានិស្ស័យល្អនៅជាប់ជាមួយអ្នកជានិច្ច។ យើងជឿថា ប្រសិនបើអ្នកព្យាយាមក្រោកហាត់ប្រាណនាពេលព្រឹកបាន3ទៅ4ថ្ងៃដំបូងហើយនោះ ថ្ងៃក្រោយមកវានឹងក្លាយជាទម្លាប់ដោយខ្លួនឯងហើយ។ ជាចុងក្រោយយើងសង្ឃឹមថា បើទោះបីជាអ្នករវល់ធ្វើការងារច្រើនយ៉ាងណាក៏ដោយ ក៏អ្នកអាចផ្លាស់ប្ដូរនិស្ស័យមកទម្លាប់ហាត់ប្រាណនាពេលព្រឹក ដើម្បីសុខភាពផងដែរ៕