គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទីមួយ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួនពីរគ្រឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីម្សិលមិញ។
នៅក្នុងពិធីខាងលើដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី 22 ធ្នូ 2023 ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានរាយការណ៍ថា ចំណត់ផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទីមួយ មានប្រវែង 350 ម៉ែត្រ ជម្រៅទឹកសាងសង់ 14.5 ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក 6 ម៉ឺនតោន ដែលមានផ្លូវទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដឹកជញ្ជូនទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បន្ថែមថា គម្រោងនេះនឹងប្រើប្រាស់រយៈពេល 36 ខែសម្រាប់ការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ 2026។
ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ មានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ គឺជាផែនាំមុខសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ដូច្នេះ រាជរដ្ឋាភិបាលមានផែនការកសាងកំពង់ផែនេះឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់តំបន់។