រហូតមកដល់ពេលនេះ បើទោះជាពិធីបុណ្យសពរបស់តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រឡៃ ត្រូវបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែគេជឿថា ដំណើរសាច់រឿងនៃការស្លាប់របស់តារារូបនេះ នៅតែបន្តដក់ជាប់នៅក្នុងអារម្មណ៍របស់ទស្សនិកជន ដែលបង្កប់ទៅដោយមន្ទិលសង្ស័យនៅឡើយ ខណៈដែលមានពាក្យចចាមអារា៉មនៅតែបន្តជជែកគ្នា ដោយលើកយកហេតុផលផ្សេងៗគ្នាមកដាក់បន្ទុក។ នៅក្នុងចំណោមហេតុផលជាច្រើន ដែលត្រូវបានគេជឿ និងសន្និដ្ឋានក្រៅផ្លូវការណ៍របស់អ្នកគាំទ្រ ក៏ដូចជាមហាជនទាំងនោះ អ្វីដែលគេចាប់អារម្មណ៍បំផុត គឺការលើកឡើងថា ការស្លាប់របស់ សាន ស្រីឡៃអាចមានជាប់ពាក់ព័ន្ធទៅនឹងចំណងស្នេហ៍ត្រីកោណ ដែលអ្នកនៅពីក្រោយរឿងនេះគឺ លោក បញ្ញា សិទ្ធិ ដែលជាអតីតមិត្តរួមអាជីពដែលស្និទ្ធនឹងរូបនាង។
លោក បញ្ញា សិទ្ធិ ត្រូវបានគេស្គាល់ថា គឺជាតារាចម្រៀង និងសម្ដែងមួយរូបដែលមានរូងរាងស្រស់សង្ហា សាច់សមុខកូនកាត់ចិន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសម ហើយក៏ជាបុរសម្នាក់ដែលមានទំនាក់ទំនងជាមួយ ស្រីឡៃ ស្និទ្ធស្នាលគួរសម ដោយជានិច្ចកាលអ្នកទាំងពីរថែមទាំងធ្លាប់តែរូបភាពបែបកៀកកិតតែពីរនាក់ រួចបង្ហោះជាសាធារណៈនៅបណ្តាញហ្វេសប៊ុកថែមទៀតផង។ តាមរយៈរូបភាពទាំងនោះហើយដែលធ្វើឱ្យគេនឹកសង្ស័យថា អ្នកទាំងពីរអាចមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នារហូតបណ្តាលឱ្យអតីតស្វាមីរបស់នាងក្ដៅចិត្តនឹកប្រចណ្ឌរហូតឈានដល់ការធ្វើឃាតដោយគ្រាប់កាំភ្លើងតែម្ដងនោះ។ យ៉ាងណាក៏ដោយ តបទៅនឹងការចោទប្រកាន់ខាងលើនេះ បញ្ញា សិទ្ធិ បានចេញមុខធ្វើការបដិសេធយ៉ាងដាច់អហង្ការថា លោកមិនបានជាប់ទាក់ទងទៅនឹងរឿងនេះទេ ហើយដើមចមបណ្តាលឱ្យកើតមានអំពើឃាតកម្មនេះ លោកក៏មិនបានដឹងនោះដែរ។
លោក បញ្ញា សិទ្ធិ បានបញ្ជាក់ប្រាប់ថា “ខ្ញុំទុកគាត់ដូចជាប្អូនបង្កើតរបស់ខ្ញុំចឹង។ ម៉ាក់គាត់ក៏ស្គាល់ខ្ញុំច្បាស់ដែរ រឿងអីយកខ្ញុំទៅពាក់ព័ន្ធ ហើយថាខ្ញុំហ្នឹងជ្រៀតជ្រែកស្នេហ៍ជាមួយគាត់រហូតដល់ប្ដីប្រចណ្ឌ ហើយបាញ់សម្លាប់បែបនេះ។គ្មានទេបងប្អូន សូមកុំយល់ច្រឡំ ខ្ញុំគ្មានអ្វីពាក់ព័ន្ធជាមួយគាត់ទេ”។ លោកបន្តថា “សូមពុកម៉ែបងប្អូន ក៏ដូចជាទស្សនិកជនទាំងអស់ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook គួរពិចារណាឱ្យបានវែងឆ្ងាយ មុននឹងវាយប្រហារដល់នរណាម្នាក់។ ការមិនដឹងពីមូលហេតុ ហើយចេះតែវាយប្រហារគ្មានការពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ អ្វីដែលសំខាន់ជាងនេះ គឺប៉ះពាល់ដល់គ្រួសារសពតែម្ដង។ ខ្ញុំពិតជាគ្មានអ្វីទាក់ទងជាមួយគាត់ (ស្រីឡៃ) លើសពីមិត្តភាពនិងបងប្អូននោះទេ ដែលសូម្បីតែអ្នករួមអាជីពសិល្បៈផ្សេងទៀតក៏មានភាពស្និទ្ធស្នាលជាមួយគាត់ដែរ (ស្រីឡៃ) ម៉េចមិនសង្ស័យផងទៅ?”។ យ៉ាងណាក៏ដោយ ជាចុងក្រោយលោក បញ្ញាសិទ្ធិ ក៏បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់មិត្តរួមអាជីពជាមួយគ្នា ហើយក៏សុំចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ៕