យោងតាម EVN ការផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់ភាគកណ្ដាល និងភាគខាងត្បូង អាចឆ្លើយតបតាមតម្រូវការ បើសិនប្រភពអគ្គិសនីថ្មីសម្រេចបានទៅតាមផែនការ។ ប៉ុន្តែ ភាគខាងជើងនឹងជួបការលំបាកក្នុងការផ្គត់ផ្គង់អគ្គិសនី ចាប់ពីឆ្នាំ 2024 ដល់ 2030។
អគ្គិសនីវៀតណាម (EVN) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញដូរអគ្គិសនី (PPA) ចំនួន 19 គម្រោង ដើម្បីទិញអគ្គិសនីចំនួន 2,240 មេហ្គាវ៉ាត់ (MW) ពី 26 រោងចក្រនៅប្រទេសឡាវ។ ក្នុងនោះ មាន 7 គម្រោង ដែលស្មើនឹង 806 MW ត្រូវបានដាក់ឱ្យធ្វើពាណិជ្ជកម្ម។ តាមផែនការ ដល់ឆ្នាំ 2025 គម្រោងនេះអាចត្រូវបានដាក់ឱ្យដំណើរការ 1,171 MW បន្ថែមទៀត។
មន្ត្រីពាក់ព័ន្ធនៃគម្រោងទិញដូរអគ្គិសនីខាងលើនេះ បានឱ្យដឹងថា ការបង្កើនការនាំចូលពីប្រទេសឡាវ នឹងជួយធានាដល់ការផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យខ្វះអគ្គិសនីនៅវៀតណាម។ EVN បញ្ជាក់ថា ប្រការនេះក៏រួមចំណែកគាំទ្រដល់សន្តិសុខថាមពល និងការកាត់បន្ថយចំណាយផងដែរ។
យោងតាមរបាយការណ៍ គិតមកដល់បច្ចុប្បន្ន ប្រភពអគ្គិសនីនៅប្រទេសឡាវ ដែលត្រូវបានអនុម័តឱ្យនាំចូលប្រទេសវៀតណាម និងអាចដំណើរការរហូតដល់ឆ្នាំ 2025 គឺប្រហែល 1,977 MW។ តួលេខនេះទាបជាងឆ្ងាយ បើធៀបនឹងទំហំនាំចូលដែលត្រូវបានចារនៅក្នុងអនុស្សរណៈ ដែលត្រូវបានចុះហត្ថលេខាដោយភាគីឡាវ និងវៀតណាម នាពេលកន្លង៕