យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញចំណីសត្វនៅក្នុង 11 ខែដំបូងនៃឆ្នាំ 2023 របស់ប្រទេសនេះ សម្រេចបានជាង 1.11 ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជា គឺជាទីផ្សារនាំចេញធំលំដាប់ទីពីររបស់ វៀតណាម។
ក្នុងខែវិច្ឆិកា 2023 ការនាំចេញចំណីសត្វរបស់វៀតណាម ទៅកាន់ប្រទេសចិន ដែលជាទីផ្សារនាំចេញចំណីសត្វធំជាងគេបង្អស់របស់ វៀតណាម បានថយចុះ 28% ធៀបនឹងខែតុលា ឆ្នាំ 2023 ប៉ុន្តែកើន 12% បើធៀបនឹងខែវិច្ឆិកា 2022 ដោយសម្រេចបានជាង 43.47 លានដុល្លារអាម៉េរិក។ ក្នុង 11 ខែដំបូងនៃឆ្នាំ 2023 ការនាំចេញចំណីសត្វរបស់ វៀតណាម ទៅកាន់ទីផ្សារមួយនេះ សម្រេចបាន 539.75 លានដុល្លារ កើនជាង 32% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 និងរួមចំណែកជាង 48% នៅក្នុងការនាំចេញចំណីសត្វសរុបរបស់ វៀតណាម។
ក្នុង 11 ខែដំបូងនៃឆ្នាំនេះ ការនាំចេញទំនិញនេះមកកាន់ កម្ពុជា ដែលជាទីផ្សារនាំចេញចំណីសត្វធំជាងគេលំដាប់ទីពីររបស់ វៀតណាម សម្រេចបានជាង 155 លានដុល្លារ ដោយកើន 0.9% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង និងរួមចំណែក 14% ក្នុងការនាំចេញចំណីសត្វសរុបរបស់ វៀតណាម។
ទីផ្សារនាំចេញធំជាងគេលំដាប់ទីបីរបស់ វៀតណាម សម្រាប់មុខទំនិញនេះគឺ ម៉ាឡេស៊ី ដោយសម្រេចបានជាង 108 លានដុល្លារអាម៉េរិក កើនជាង 30% បើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022៕