នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone រួមនឹងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានឯកភាពគ្នាក្នុងកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍរូបមន្តទេសចរណ៍ «មួយដំណើរ បីគោលដៅ» ដើម្បីជំរុញវិស័យទេសចរណ៍របស់ប្រទេសទាំងបី។
កាលពីថ្ងៃទី 17 ធ្នូ ក្នុងឱកាសចូលរួមសន្និសីទកំពូល ខួប 50 ឆ្នាំ នៃទំនាក់ទំនងអាស៊ាន – ជប៉ុន នៅរាជធានីតូក្យូ (ប្រទេសជប៉ុន) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបពិភាក្សាការងារជាមួយសមាសភាគីឡាវ និងវៀតណាម។
នៅក្នុងជំនួបនេះ មេដឹកនាំរបស់កម្ពុជា វៀតណាម និងឡាវ បានឯកភាព លើការវាយតម្លៃដែលថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កំពុងត្រូវបានធ្វើឱ្យប្រសើរឡើង និងរីកចម្រើនក្នុងវិស័យជាច្រើន។
ទន្ទឹមនឹងបញ្ហាសំខាន់ៗដទៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានការសាទរពីសមាសភាគីវៀតណាម និងឡាវ ចំពោះសំណើបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍របស់ប្រទេសទាំងបីនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងបី ពិសេសគឺការអភិវឌ្ឍរូបមន្តទេសចរណ៍ «មួយដំណើរ បីគោលដៅ» (One Journey – Three Destinations/Three Countries One Destination)។
យោងតាមអ្នកជំនាញ កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។ ទេសចរម្នាក់មកពីលោកខាងលិច ឬគ្រួសារដែលមានថវិកាខ្ទង់ 10,000 ដុល្លារអាម៉េរិក នឹងពេញចិត្តក្នុងការដើរទេសចរណ៍នៅបីប្រទេសក្នុងមួយជើង។