វិស័យស្រូវអង្កររបស់ប្រទេសថៃ នាពេលខាងមុខ នឹងផ្ដោតសំខាន់ទៅលើគុណភាពជាជាងបរិមាណ នៅពេលប្រទេសនេះដាក់គោលដៅទាញយកចំណែកទីផ្សារធំជាងបច្ចុប្បន្ន នៅលើទីផ្សារអង្ករគុណភាពខ្ពស់នៅទូទាំងពិភពលោក។
នេះគឺជាសារដែលត្រូវបានលោក Arnont Nonsi អនុប្រធាននាយកដ្ឋានស្រូវអង្ករ នៃក្រសួងកសិកម្មនិងសហករណ៍ថៃ លើកឡើងនៅក្នុងពិធីបុណ្យស្រូវអង្ករថៃឆ្នាំ 2023 ដែលធ្វើឡើងនៅរាជធានីបាងកក ចាប់ពីថ្ងៃទី 14 ដល់ 17 ខែធ្នូ។
លោក Arnont ឱ្យដឹងថា ថៃអស់លទ្ធភាពក្នុងការប្រកួតប្រជែងយកតំណែង «ប្រទេសនាំចេញអង្ករច្រើនជាងគេ» ជាមួយនឹងបណ្ដាប្រទេសនាំចេញអង្ករនានា ពិសេសគឺ ប្រទេសឥណ្ឌា ដែលមានដីស្រែធំសម្បើម។ ជំនួសមកវិញ លោក Arnont ថ្លែងថា ប្រទេសថៃ ចង់ «លើកកម្ពស់គុណភាព» ទីផ្សារអង្កររបស់ខ្លួន ក្នុងនោះ ពាក្យថា «លើកកម្ពស់គុណភាព» នេះ រួមមាន គុណភាពនៃសារជាតិបំប៉ន ដំណើរការដាំស្រូវដែលល្អសម្រាប់បរិស្ថាន តម្លៃកើនឡើងពីការផ្លាស់ប្ដូរ និងបច្ចេកវិទ្យា ក៏ដូចជាស្ថិរភាពរបស់កសិកម្ម។
ក្រៅពីនេះ លោក Arnont ក៏បង្ហើបឱ្យដឹងដែរថា នាយកដ្ឋានស្រូវអង្ករថៃ គ្រោងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ថែមតម្លៃ និងកែលម្អអង្ករថៃ ដើម្បីអាចប្រើប្រាស់បាននៅក្នុងផលិតផលមួយចំនួន មានជាអាទិ៍ គ្រឿងសម្អាង ភេសជ្ជៈ និងទឹកអប់ជាដើម។