Skip to content

ប្រទេស​ក្នុង​អាស៊ាន​ទាំង10 ចុះ​កិច្ចព្រមព្រៀង​ការពារ​ព​លករ​ចំណាកស្រុក​ទៅវិញទៅមក

ភ្នំពេញ៖ ស្រប​ពេលដែល​ពលករ​ចំណាកស្រុក​កម្ពុជា​ត្រូវបាន​គេ​ដឹងថា បាន​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្ត​បន្ទាប់ពី​អាជ្ញាធរ​ក៏ដូចជា​ថៅកែ​បរទេស ជាពិសេស​ប្រទេស​ថៃ និង​ពលករ​ធ្វើការ​ងារ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី និង​ប្រទេស​ចិន​ផងដែរ​នោះ រហូតមកទល់​ពេលនេះ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង10បាន​ឯកភាព​ចុះ​កិច្ចព្រមព្រៀង​ការពារ​សិទ្ធិ​ពលករ​សម្រាប់​គ្នា​ទៅវិញទៅមក។

នៅ​មុនពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី31 នៅឯ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ម្សិលមិញ​នេះ មេដឹកនាំ​ប្រទេសនីមួយៗបាន​ជជែក​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ដើម្បី​រក​ផលប្រយោជន៍​រួមទាំង​ក្នុង​កម្រិត​តំបន់ និង​ក្នុង​កម្រិត​ពិភពលោក​ទាំងមូល​ផងដែរ ពិសេស​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ក្នុងការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​របស់ខ្លួន។

ប្រមុខ​ដឹកនាំ​ប្រទេស​អាស៊ាន​ទាំង10 រួមមាន​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម បាន​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ព​លករ​ចំណាកស្រុក (Agreement on the Protection of Migrant Workers’ Rights.) ហើយ​របាយការណ៍​អំពី​ការអនុវត្ត​កាតព្វកិច្ច​នេះ​នឹង​ត្រូវបាន​ធ្វើជា​របាយការណ៍​បន្តទៀត​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​សម្រាប់​ឆ្នាំ2018 នៅ​ប្រទេស​សិង្ហ​បុរី។

យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក​ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ2017នេះ បង្ហាញថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​បញ្ជូន​ពលករ​ចេញ​ទៅ​ក្រៅប្រទេស​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​បញ្ជូន​ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ទាំងអស់។ ពលករ​ចំណាកស្រុក​ទាំងនោះ ភាគច្រើន​ស្ថិតក្រោម​រូបភាព​ជា​ពល​ករ​ដែលមាន​ជំនាញ​ទាប និង​ច្រើនតែ​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​ស្វែងរក​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់​នៅក្នុង​វិស័យ​សំណង់ ដាំ​ដុះ និង​បម្រើ​ការងារ​តាម​ផ្ទះ។ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន3 គឺ ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ បាន​ក្លាយទៅជា​ទីកន្លែង​សម្រាប់​ពលករ​ចំណាកស្រុក​នៅក្នុង​តំបន់​ចំនួន 6 លាន 5 សែន​នាក់ ឬ​ស្មើនឹង 96ភាគរយ​នៃ​ចំនួន​សរុប។

ជាមួយគ្នានេះ​ធនាគារពិភពលោក​ក៏បានផ្តល់​ជា​យោបល់​សម្រាប់​ជា​ដំណោះស្រាយ​ថា បណ្តា​ប្រទេស​បញ្ជូន​ពលករ​ចំណាកស្រុក​ដែល​រួមមាន​កម្ពុជា​ផងដែរ​នោះ គួរ​ធ្វើយ៉ាងណា​ឱ្យមាន​តុល្យភាព​នៃ​ការការពារ​ចំពោះ​ពលករ​ចំណាកស្រុក​របស់ខ្លួន​ជាមួយនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច។ សម្រាប់​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​ធនាគារពិភពលោក​ចាត់​ចូល​ជា​ប្រទេស​ដែលមាន​សមត្ថភាព​ទាប គួរ​បន្ត​ពិចារណា​ធ្វើយ៉ាងណា​ជួយ​ឱ្យ​ពួកគេ​មាន​ជំនាញ​គ្រប់គ្រាន់ និង​ការពារ​សិទ្ធិ​ពួកគេ​ឱ្យបាន​ពេញលេញ៕

Leave a Reply

Your email address will not be published. Required fields are marked *