ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 ទុរេនរបស់វៀតណាម ដែលនាំចេញទៅកាន់ទីផ្សារចិន សម្រេចបានជាង 451,000 តោន កើនជាង 30 ដង បើធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ 2022។
ទុរេនគឺជាប្រភេទផ្លែឈើដែលមានតម្លៃបំផុតសម្រាប់ការនាំចេញរបស់វិស័យបន្លែផ្លែឈើវៀតណាម នៅក្នុង 11 ខែដំបូងនៃឆ្នាំ 2023 ដោយមានតម្លៃជាង 2.1 ពាន់លានដុល្លារអាម៉េរិក។ ទុរេនភាគច្រើនរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមសមាគមបន្លែផ្លែឈើវៀតណាម ដែលបានឱ្យដឹងកាលពីពេលថ្មីៗនេះ។
ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 ប្រទេសចិនបាននាំចូលទុរេនជាង 1.3 លានតោន ដែលមានតម្លៃជិតស្មើនឹង 6.4 ពាន់លានដុល្លារ ក្នុងនោះ បរិមាណសរុបបានកើន 88% និងតម្លៃសរុបបានកើន 81% បើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022។
ប្រទេសថៃ គឺជាប្រភពផ្គត់ផ្គង់ទុរេនធំបំផុតរបស់ប្រទេសចិន ដោយបាននាំចេញទៅកាន់ទីផ្សារនេះជិត 904,000 តោន ដែលមានតម្លៃសរុបជាង 4.4 ពាន់លានដុល្លារអាម៉េរិក ដោយកើន 28%។
វៀតណាម គឺជាអ្នកផ្គត់ផ្គង់ទុរេនធំជាងគេទីពីររបស់ទីផ្សារចិន ប៉ុន្តែជាប់លេខមួយស្ដីពីកំណើននៃការនាំចេញទៅកាន់ប្រទេសចិន។ ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 បរិមាណទុរេនដែល វៀតណាម បាននាំចេញទៅកាន់ទីផ្សារមួយនេះ គឺជាង 451,600 តោន ដោយកើនជាង 30 ដង និងរកចំណូលបានជិត 1.9 ពាន់លានដុល្លារអាម៉េរិក កើនជាង 31 ដង បើធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ 2022។
អ្នកផ្គត់ផ្គង់ទុរេនលំដាប់ទីបីសម្រាប់ទីផ្សារចិន គឺ ហ្វ៊ីលីពីន ដោយបាននាំចេញទៅកាន់ទីផ្សារនេះចំនួន 3,333 តោន រកចំណូលបានជិត 12 លានដុល្លារ។
ឆ្លើយតបនឹងសំណួរដែលសួរថា «ហេតុអ្វីទីផ្សារចិនទិញទុរេនពីវៀតណាមច្រើនជាងមុនឆ្ងាយម្ល៉េះ?» លោក ង្វៀន ឌិញទុង អនុប្រធានសមាគមបន្លែផ្លែឈើវៀតណាម បានឱ្យដឹងថា កំណើននេះគឺដោយសារប្រទេសចិន និងវៀតណាម បានចុះកិច្ចព្រមព្រៀងមួយកាលពីខែកក្កដា 2022។
កិច្ចព្រមព្រៀងខាងលើដែលបានជួយឱ្យការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារចិន មានកូតាកាន់តែធំ គ្រាដែលចម្ការទុរេន និងការវេចខ្ចប់ត្រូវបានធ្វើទៅតាមស្ដង់ដានៃទីផ្សារចិន បានរួមចំណែកធ្វើឱ្យបរិមាណនាំចេញមានការកើនឡើងខ្ពស់។
ទន្ទឹមនឹងនេះ កត្តាទឹកដីធំទូលាយ អាចប្រមូលផលទុរេនបានពេញមួយឆ្នាំ ក៏ដូចជាកត្តាព្រំដែនជាប់នឹងប្រទេសចិនជាដើម ក៏ជាមូលហេតុដែលបាន និងកំពុងជួយឱ្យប្រទេសវៀតណាម មានប្រៀបជាងប្រទេសនាំចេញទុរេនដទៃ។
ទុរេនស្រស់ដែលដាក់លក់នៅទីផ្សារប្រទេសចិន មានតម្លៃខ្ពស់ ពោលគឺចាប់ពី 10 ដុល្លារអាម៉េរិកក្នុងមួគីឡូក្រាម។ តម្លៃនេះ ខ្ពស់ជាងឆ្ងាយបើធៀបនឹងប្រហែល 6 ដុល្លារ/គីឡូក្រាម នៅក្នុងទីផ្សារអាស៊ាន៕