(សហរដ្ឋអាម៉េរិក) – យន្តហោះ Electric EEL ហោះហើរជាង 2,200 គីឡូម៉ែត្រ ក្នុងដែនអាកាសកាលីហ្វ័រញ៉ា ប៉ុន្តែនៅសល់ឥន្ធនៈ និងថាមពលអគ្គិសនីជាង 2 ម៉ោងទៀត។
ក្រុមហ៊ុនធុរកិច្ចថ្មីរបស់អាម៉េរិក Ampaire សម្រេចបានជោគជ័យ នៅពេលយន្តហោះ Electric EEL បញ្ចប់ការហោះហើរ 12 ម៉ោង នៅ កាម៉ារីឡូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី 10 ធ្នូកន្លងទៅ។ Ampaire ឱ្យដឹងថា ជើងហោះហើរនេះបានបំបែកកំណត់ត្រាមុននោះ ដែលទាក់ទងនឹងពេលវេលានៃការហោះហើររបស់យន្តហោះប្រភេទកូនកាត់អគ្គិសនី – ឥន្ធនៈ។
ទន្ទឹមនឹងនេះ Electric EEL ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលវានៅសាល់ឥន្ធនៈ និងថាមពលអគ្គិសនីដែលអាចហោះហើរបាន 2 ម៉ោងទៀត បន្ទាប់ពីបានចុះចត។ ក្នុងជើងហោះហើរនេះ Electric EEL បានហោះហើរប្រហែល 2,213 គីឡូម៉ែត្រ។
Ampaire ឱ្យដឹងថា ប្រព័ន្ធម៉ាស៊ីនហាយព្រីតឆ្លាតវៃជំនាន់ដំបូងដែលបំពាក់លើ Electric EEL ជួយកាត់បន្ថយការចំណាយលើឥន្ធនៈពី 50% ទៅ 70% និងបន្ថយការចំណាយលើការថែទាំពី 25% ទៅ 50% បើធៀបនឹងយន្តហោះប្រើឥន្ធនៈសុទ្ធ៕