កាលពីថ្ងៃទី 12 ធ្នូ 2023 ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន THACO លោក ត្រឹង បាយឿង បានចូលរួមវេទិកា ជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា – វៀតណាម ឆ្នាំ 2023 ដែលធ្វើឡើងនៅ ហាណូយ ប្រទេសវៀតណាម និងបានទទួលជួបពិភាក្សាការងារជាមួយនឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបំពេញទស្សនកិច្ចនៅវៀតណាម។
នៅក្នុងជំនួបខាងលើ លោក ត្រឹង បាយឿង បានរាយការណ៍អំពីគម្រោង និងសកម្មភាពវិនិយោគ ផលិត ក្នុងវិស័យកសិកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន THACO នៅ កម្ពុជា។
បន្ទាប់ពីចូលគ្រប់គ្រងក្រុមហ៊ុនចំនួន 6 របស់ HAGL Agrico កាលពីឆ្នាំ 2020 THACO AGRI (ឈ្មោះថ្មី) មានកម្មករក្នុងដៃជាង 17,000 នាក់នៅ កម្ពុជា។ ចាប់ពីឆ្នាំ 2022 ដល់បច្ចុប្បន្ន THACO AGRI បានចាប់ផ្ដើមវិនិយោគសាកល្បងលើការដាំចេក ឈើហូបផ្លែ – ចិញ្ចឹមគោ និងពពែ។
បច្ចុប្បន្ន សកម្មភាពវិនិយោគសាកល្បងរបស់ក្រុមហ៊ុនខាងលើនៅ កម្ពុជា បានទទួលជោគជ័យ និងអាចវិនិយោគទ្រង់ទ្រាយធំ។ ប្រការនេះត្រូវបានបញ្ជាក់ដោយប្រធានក្រុមហ៊ុន THACO AGRI តាមរយៈការស្នើសូមការអនុញ្ញាតពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើតក្រុមហ៊ុនវិនិយោគកសិកម្មទ្រង់ទ្រាយធំចំនួនពីរនៅក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកលំផាត់ ខេត្តរតនគីរី។ គម្រោងនេះអាចនឹងត្រូវបានអនុវត្តចាប់ពីត្រីមាសទីមួយនៃឆ្នាំ 2024។
THACO AGRI ក៏គ្រោងនឹងវិនិយោគនៅតំបន់សេដ្ឋកិច្ចក្បែរព្រំដែន គម្រោងផលិតម៉ាស៊ីន ឧស្សាហកម្មជំនួយ ក៏ដូចជាពាណិជ្ជកម្ម និងសេវាកម្មជាដើម។ល។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន THACO AGRI សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ THACO AGRI ក្នុងវិស័យកសិកម្មនៅ កម្ពុជា ព្រមទាំងគាំទ្រចំពោះការអនុវត្តគម្រោងវិនិយោគនាពេលខាងមុខ របស់ក្រុមហ៊ុនវៀតណាមមួយនេះផងដែរ៕