វៀតណាមបាន និងកំពុងនាំចូលគ្រាប់ស្វាយចន្ទីឆៅយ៉ាងច្រើនពីទីផ្សារធំៗចំនួន 5 រួមមាន កូតឌឺវ័រ កម្ពុជា នីហ្សេរីយ៉ា ហ្គាណា និង តង់សានី។
គ្រាប់ស្វាយចន្ទីឆៅដែល កម្ពុជា និង កូតឌឺវ័រ បាននាំចូលទីផ្សារវៀតណាម គ្របដណ្ដើប់ប្រមាណ 57.5% ធៀបនឹងតម្លៃសរុបនៃការនាំចូលគ្រាប់ស្វាយចន្ទីរឆៅរបស់ វៀតណាម នៅក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023។ ក៏ប៉ុន្តែ ការនាំចូលនេះមានការប្រែប្រួល ដោយសារ វៀតណាម កាត់បន្ថយការនាំចូលទំនិញមួយមុខនេះពី កម្ពុជា និង តង់សានី ហើយងាកទៅបង្កើនការនាំចូលពី កូតឌឺវ័រ នីហ្សេរីយ៉ា និង ហ្គាណា។
ជាក់ស្ដែង បរិមាណគ្រាប់ស្វាយចន្ទីឆៅដែល វៀតណាម នាំចូលពី កូតឌឺវ័រ គឺមានរហូតដល់ 850 ពាន់តោន ដែលមានតម្លៃ 919.3 លានដុល្លារអាម៉េរិក ដោយបរិមាណកើន 86.6% និងតម្លៃសរុបកើន 56.7% បើធៀបនឹង 11 ខែដំបូងនៃឆ្នាំ 2022។
គ្រាប់ស្វាយចន្ទីឆៅដែល វៀតណាម នាំចូលពី កម្ពុជា ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំនេះ បានថយចុះនៅត្រឹម 613.2 ពាន់តោន ដែលមានតម្លៃ 835.3 លានដុល្លារអាម៉េរិក ពោលគឺ បរិមាណបានថយចុះ 13.8% និងតម្លៃសរុបបានថយចុះ 23.3%។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីររបស់ វៀតណាម បន្ទាប់ពី កូតឌឺវ័រ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃធំបំផុតរបស់ កម្ពុជា គឺ វៀតណាម ដោយសារទីផ្សារនេះបានរួមចំណែកជាង 90%។ ចំណែក កម្ពុជា វិញ ក៏ជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅធំជាងគេបង្អស់ របស់ វៀតណាម ប្រចាំនៅអាស៊ីអាគ្នេយ៍៕