បច្ចុប្បន្ន ទិន្នន័យតែមួយគត់ដែលយានអវកាស Voyager 1 បញ្ជូនមកកាន់ផែនដី គឺលេខ 1 និងលេខ 0 ហើយក្រុមការងាររបស់ណាសា អាចនឹងត្រូវចំណាយពេលច្រើនសប្ដាហ៍ដើម្បីដោះស្រាយបញ្ហានេះ។
យោងតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី 12 ធ្នូ យាន Voyager 1 របស់ណាសា បច្ចុប្បន្នមិនអាចបញ្ជូនទិន្នន័យវិទ្យាសាស្ត្រ ឬទិន្នន័យទាក់ទងនឹងប្រព័ន្ធរបស់យាននេះ មកកាន់ផែនដី។ យានដែលមានអាយុ 46 ឆ្នាំមួយគ្រឿងនេះ អាចទទួលបញ្ជា ប៉ុន្តែ បញ្ហាខាងលើទំនងជាកើតចេញពីកុំព្យូទ័ររបស់យាន។
ណាសាឱ្យដឹងថា ប្រព័ន្ធទិន្នន័យហោះហើរ (FDS) របស់ Voyager 1 ដែលមានតួនាទីប្រមូលព័ត៌មាន និងទិន្នន័យបច្ចេកទេសពីឧបករណ៍វិទ្យាសាស្ត្រនៅលើយាន មិនអាចភ្ជាប់ទំនាក់ទំនងដូចមុន ជាមួយនឹងប្រព័ន្ធបញ្ជាពីចម្ងាយនៅលើផែនដី។
ពេលដំណើរការធម្មតា FDS រៀបចំដាក់ព័ត៌មានរបស់យានទៅក្នុងកញ្ចប់ទិន្នន័យ រួចបញ្ជូនមកកាន់ផែនដីតាមរយៈ TMU (telecommunications unit) ។ ថ្មីៗនេះ កញ្ចប់ទិន្នន័យនេះបានជាប់គាំង និងបញ្ជូនតែលេខ 1 និងលេខ 0 ម្ដងហើយម្ដងទៀត។ ក្រុមបច្ចេកទេសរបស់ Voyager គិតថា បញ្ហាកើតចេញពី FDS ប៉ុន្តែ ពួកគេប្រហែលជាត្រូវចំណាយពេលច្រើនសប្ដាហ៍ ទើបរកឃើញដំណោះស្រាយ។
នេះមិនមែនជាបញ្ហាដំបូងដែលយាន Voyager 1 បានជួបប្រទះនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ យានអវកាសនេះធ្លាប់ជួបបញ្ហាប្រព័ន្ធបញ្ជា និងកំណត់ទិស (AACS) កាលពីខែឧសភា ឆ្នាំ 2022 និងបញ្ជូនទិន្នន័យដែលគ្មានន័យក្នុងរយៈពេលច្រើនខែ មុននឹងត្រូវបានដោះស្រាយ៕