នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម បានស្នើឱ្យប្រទេសទាំងពីរប្រឹងប្រែង ធ្វើយ៉ាងណាសម្រេចឱ្យបានទំហំពាណិជ្ជកម្ម 20 ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ ដែលតួលេខនេះច្រើនជាង 10 ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ 2022។
នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាំ មិញចិញ (Pham Minh Chinh) កាលពីព្រឹកថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2023 សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនេះ គឺដើម្បីបន្តប្រពៃណីល្អប្រសើរ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យឡើងដល់កម្រិតខ្ពស់មួយថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នានៅក្នុងការជួយគ្នាកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ និងជំរុញពាណិជ្ជកម្មទ្វេភាគី ពិសេសគឺពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន។
មេដឹកនាំកម្ពុជា – វៀតណាម ក៏បានស្នើឱ្យមានការប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ 20 ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ និងឯកភាពក្នុងការលើកទឹកចិត្ត បង្កភាពងាយស្រួលសម្រាប់សកម្មភាពវិនិយោគ ពាណិជ្ជកម្មរបស់បណ្ដាក្រុមហ៊ុននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី 11 ដល់ 12 ខែធ្នូ ឆ្នាំ 2023។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការដំបូងទៅកាន់ប្រទេសវៀតណាម របស់ សម្ដេច រាប់ចាប់តាំងពីបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហា ហើយក៏ជាដំណើរទស្សនកិច្ចដំបូងនៅប្រទេសមួយដែលជាសមាជិកអាស៊ាន៕