ក្តីសង្ឃឹមនៃការប្រជែងពានក្រខ័ណ្ឌ Premier League របស់ក្រុម Tottenham Hotspur បានរងនូវការខកចិត្តដ៏ធំមួយ ខណៈដែលការទទួលជ័យជម្នះជាប់ៗគ្នារបស់ពួកគេបានបញ្ចប់ត្រឹម៩ប្រកួត ក្នុងពេលរងបរាជ័យ ១-០ នៅលើទឹកដីក្រុម West Ham United កាលពីថ្ងៃសុក្រ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៦៥ របស់ខ្សែបម្រើ Manuel Lanzini បានកាត់សេចក្តីក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយនេះ ខណៈដែលក្រុម Tottenham បានធ្វើការគ្រប់គ្រងទាំងស្រុង ប៉ុន្តែ មិនបានបង្ហាញពីទម្រង់លេងក្នុងកម្រិតដែលបានជួយបង្កើនក្តីសង្ឃឹមនៃការឈ្នះពានជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៦១ឡើយ។ ក្រុមមាន់ខ្នាយមាស Tottenham អាចកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Chelsea មកនៅត្រឹម១ពិន្ទុ ប្រសិនបើពួកគេដណ្តើមបានជ័យជម្នះ ប៉ុន្តែ ផ្ទុយទៅវិញគម្លាតនៃការដេញតាមពីក្រោយអាចនឹងកើនដល់៧ពិន្ទុ ខណៈនៅសល់តែ៣ប្រកួតទៀត បើក្រុមតោខៀវមួយនេះ ផ្តួលក្រុម Middlesbrough ក្នុងផ្ទះខ្លួនឯងនៅថ្ងៃចន្ទ ខាងមុខនេះ។
West Ham ដែលជាក្រុមដំបូងគេក្នុងការការពារមិនឲ្យក្រុម Tottenham រកគ្រាប់បាល់បញ្ចូលទី បើគិតចាប់តាំងពី Liverpool ធ្វើបានបែបនេះកាលពីខែកុម្ភៈនោះ បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៩ ដោយមាន៤២ពិន្ទុ និងបច្ចុប្បន្ន មានសុវត្ថិភាពពីតំបន់គ្រោះថ្នាក់រួចជាស្រេច។ អ្នកចាំទីនៃក្រុមម្ចាស់ផ្ទះ Adrian បានធ្វើឲ្យក្រុម Tottenham ជួបការខកចិត្តជាមួយនឹងការសង្គ្រោះបាល់ជាបន្តបន្ទាប់ក្នុងតង់ទី១ ពីការស៊ុតរបស់កីឡាករ Dele Alli និង Harry Kane ហើយរូបគេក៏បានបំពេញតួនាទីយ៉ាងល្អផងដែរ ក្នុងការរារាំងការស៊ុតរបស់ Son Heung-Min ក្នុងតង់ទី២ ខណៈដែលក្រុមភ្ញៀវបានដាក់សម្ពាធយ៉ាងល្អខ្លាំងដើម្បីរកគ្រា់បបាល់បើកឆាក។ លទ្ធផលនេះមានន័យថា Chelsea បច្ចុប្បន្នត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៤លើកទៀត ដើម្បីឈ្នះពាន Premier League ក្នុងរដូវកាលទី១របស់លោក Antonio Conte ក្នុងនាមជាគ្រូបង្វឹក៕
ប្រភពព័ត៌មាន៖ Reuters