ឧទ្ធម្ភាគចក្រ R550X អាចផ្ទុកទម្ងន់រហូតដល់ 550 គីឡូក្រាម អាចហោះហើរបានជាង 3 ម៉ោង សមស្របសម្រាប់បេសកកម្មនានានៅក្នុងវិស័យកសិកម្ម ពន្លត់អគ្គិភ័យ និងសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកជាដើម។
ទំព័រ Interesting Engineering កាលពីថ្ងៃទី 08 ធ្នូ បានចុះផ្សាយថា ក្រុមហ៊ុនអាម៉េរិក Rotor Technologies ចាប់ផ្ដើមផលិត R550X និងអះអាងថា នេះគឺជាឧទ្ធម្ភាគចក្រស៊ីវិលគ្មានមនុស្សបើកបរធំជាងគេបង្អស់ក្នុងទីផ្សារ។
ឧទ្ធម្ភាគចក្រនេះប្រើប្រាស់អង្គញាណ និងប្រព័ន្ធបញ្ជាឌីជីថលដើម្បីដំណើរការដោយសុវត្ថិភាព និងស្វ័យប្រវត្ត ដែលអាចហោះហើរក្នុងអាកាសធាតុមិនល្អ មានជាអាទិ៍ មេឃចុះអ័ព្ទ និងមេឃងងឹតជាដើម។
R550X ត្រូវបានរចនាឡើងដើម្បីអាចដឹកទំនិញបាន 550 គីឡូក្រាម ដោយមិនបាច់មានមនុស្សបើកបរ។ វាអាចហោះហើរបានជាង 3 ម៉ោង និងមានល្បឿនអតិបរមា 241 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ម៉ាស៊ីន Lycoming IO-540 ព្រមទាំងមានប្រព័ន្ធបញ្ជាម៉ាស៊ីនបម្រុងបែបឌីជីថល់ផងដែរ។
Rotor Technologies ឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះអាចប្រើប្រាស់នៅក្នុងវិស័យជាច្រើន ចាប់ពីកសិកម្ម ពន្លត់អគ្គិភ័យ តាមដានស៊ើបអង្កេត ឬសម្រាប់សកម្មភាពតាមផ្លូវទឹកជាដើម។
R550X កំពុងត្រូវបានផលិតក្នុងរោងចក្ររបស់ក្រុមហ៊ុន Rotor Technologies នៅ New Hampshire។ ឧទ្ធម្ភាគចក្រនេះនឹងចាប់ផ្ដើមសកម្មភាពពាណិជ្ជកម្មនៅឆ្នាំ 2024 នៅសហរដ្ឋអាម៉េរិក មុននឹងពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ៕