ខ្សែប្រយុទ្ធ Neymar និងមិត្តរួមក្រុមប្រេស៊ីលរបស់គេ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ យ៉ាងខកចិត្ត ក្រោយការបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំពីសំណាក់ក្រុមដែលប្រជុំដោយកីឡាករគ្មានបទពិសោធ អង់គ្លេស ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃអង្គារ នាកីឡដ្ឋាន Wembley។
គ្រូបង្វឹកប្រេស៊ីល លោក Tite បានប្រើប្រាស់កីឡាករក្នុងជម្រើសដំបូងរបស់លោកទាំងស្រុង ប៉ុន្តែ បើទោះបីមានវត្តមានតារាឆ្នើម Neymar, Gabriel Jesus និង Philippe Coutinho ក្នុងជម្រើសទាំង11នាក់ដំបូងក៏ដោយ ក៏ពួកគេបានត្រឹមតែបង្កើតឱកាសស៊ុតសំដៅទីរបស់អ្នកចាំទីអង់គ្លេស Joe Hart ត្រឹមតែ3លើកប៉ុណ្ណោះ។ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate ដែលបានអវត្តមានតារាឆ្នើមៗជាច្រើនដូចជា Harry Kane, Dele Alli និង Raheem Sterling ដោយសារតែបញ្ហារបួសម្តងទៀតនោះ។ វាជាការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាលើកទី2ជាប់ៗគ្នា ក្រោយពីទទួលបានលទ្ធផលស្មើជាមួយនឹងក្រុមជើងខ្លាំងអាល្លឺម៉ង់ កាលពីថ្ងៃសុក្រម្ដងរួចមក។ លោក Southgate បានប្រាប់ទូរទស្សន៍ ITV ថា៖ «ទាក់ទងនឹងស្មារតី និងភាពរឹងមាំវិញ ក្រុមរបស់យើងបានបង្ហាញឲ្យឃើញនៅលើទីលានហើយ។ យើងបានប្រកួតជាមួយនឹងក្រុមខ្លាំងបំផុត 2ក្រុមក្នុងពិភពលោក និងបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីទាំងពីរលើក»។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Alex Iwobi របស់ក្លិប Arsenal បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា បានវាយបកដើម្បីផ្តួលក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងលទ្ធផល 4-2 ក្នុងទីក្រុង Krasnodar កាលពីថ្ងៃអង្គារ ស្របពេលដែលខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបានចុះខ្សោយកម្លាំងខ្លាំងក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ លោក Jorge Sampaoli គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន បានឲ្យដឹងថា៖ «យើងលេងបានយ៉ាងល្អក្នុងតង់ទី1 ប៉ុន្តែអ្វីៗមានការប្រែប្រួលបន្ទាប់ពីនោះមក»៕
ប្រភពពី៖ Sport24