Aion ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែករថយន្តអគ្គិសនីរបស់សាជីវកម្មរដ្ឋចិន GAC បានចូលមកកាន់កម្ពុជា ដែលជាទីផ្សារអន្តរជាតិទីពីររបស់ក្រុមហ៊ុននេះ បន្ទាប់ពីប្រទេសថៃ។
GAC Aion បានប្រកាសថា បានពង្រីកវត្តមានរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា តាមរយៈព្រឹត្តិការណ៍មួយនៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លង ដោយការបង្ហាញរថយន្តម៉ូដែល crossover Aion Y Plus។ នេះបើតាមប្រកាសមួយដែលក្រុមហ៊ុននេះលើកឡើងកាលពីថ្ងៃទី 05 ធ្នូ។
GAC Aion នឹងដាក់លក់រថយន្តអគ្គិសនីច្រើនម៉ូដែលនៅកម្ពុជា ដើម្បីរួមចំណែកជំរុញវិស័យរថយន្តឱ្យងាកទៅរកថាមពលស្អាត។ ក៏ប៉ុន្តែ ក្រុមហ៊ុននេះមិនទាន់ឱ្យដឹងសេចក្ដីលម្អិតទាក់ទងនឹងផែនការរបស់ខ្លួនសម្រាប់ទីផ្សារកម្ពុជានៅឡើយ។
GAC Aion គឺជាមួយក្នុងចំណោមយីហោរថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅប្រទេសចិន។ ក្នុងខែវិច្ឆិកា 2023 ក្រុមហ៊ុននេះលក់រថយន្តអគ្គិសនីបាន 41,567 គ្រឿង កើនជាង 44% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង និងកើន 0.15% ធៀបនឹងខែតុលា។ ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំនេះ GAC Aion លក់រថយន្តបានជាង 436,000 គ្រឿង កើនជិត 81% ធៀបនឹង 11 ខែដំបូងនៃឆ្នាំ 2022៕