ប្រទេសថៃ គ្រោងនឹងបន្ថែមពេលវេលាសម្រាប់រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិសង្ក្រាន្ត ឱ្យឡើងដល់មួយខែ ជួយលើកកម្ពស់ព្រឹត្តិការណ៍នេះឱ្យឡើងដល់ថ្នាក់អន្តរជាតិ និងជួយឱ្យប្រទេសជាតិមានឈ្មោះនៅក្នុង Top 10 នៃទីតាំងប្រារព្ធពិធីបុណ្យលំដាប់កំពូលលើពិភពលោក។
លោកស្រី Paetontarn Shinawatra ប្រធានគណៈកម្មការយុទ្ធសាស្ត្រអំណាចទន់ថ្នាក់ជាតិ (NSPSC) កាលពីថ្ងៃទី 01 ធ្នូ បានឱ្យដឹងថា គណៈកម្មការនេះបានឯកភាពជំរុញសង្ក្រាន្តឱ្យក្លាយជាមួយក្នុងចំណោមពិធីបុណ្យដែលពិសេសបំផុតរបស់ពិភពលោក។ NSPSC គ្រោងនឹងប្រារព្ធពិធីបុណ្យមហាសង្ក្រានទទួលឆ្នាំថ្មីក្នុងរយៈពេលមួយខែ ជំនួសឱ្យបីថ្ងៃដូចកន្លងមក។
NSPSC គ្រោងនឹងដាក់សំណើខាងលើនេះឡើងទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័តនៅខែក្រោយ។ គណៈកម្មការនេះក៏រំពឹងថា រដូវបុណ្យចូលឆ្នាំប្រពៃណីដែលគ្រោងនឹងអូសបន្លាយរហូតដល់មួយខែនេះ នឹងបង្កើតបានប្រាក់ចំណូល 35 ពាន់លានបាត (ជាង 1 ពាន់លានដុល្លារអាម៉េរិក) សម្រាប់សេដ្ឋកិច្ចប្រទេសថៃ៕