ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងនឹងភ្លើងអគ្គិសនី ក៏ដូចជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្តខាត» នៅក្នុងការលក់អគ្គិសនី។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ ធ្វើឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ ដែលមានអានុភាព 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។
យោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងឆ្នាំ 2023 កម្ពុជាគ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក សម្រាប់ការឧបត្ថម្ភធន និងទម្លាក់ថ្លៃអគ្គិសនី ដោយរដ្ឋសុខចិត្តខាត។
ទាក់ទិននឹងវិស័យអគ្គិសនី រាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំណត់គោលនយោបាយសំខាន់ៗមួយចំនួន រួមមាន បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនី បន្តធ្វើទំនើបកម្មលើការផ្ដល់សេវាកម្មអគ្គិសនី និងពិនិត្យលទ្ធភាពក្នុងការទម្លាក់ថ្លៃអគ្កិសនីឱ្យកាន់តែទាបជាងមុន៕