ម៉ាស៊ីនប្រតិកម្ម JT-60SA មានកម្ពស់ស្មើនឹងអគារ 6 ជាន់ នៅប្រទេសជប៉ុន នឹងបង្កើតបានពន្លឺប្លាស្មាក្ដៅរហូតដល់ 200 លានអង្សាសេ បើកផ្លូវសម្រាប់គោលដៅប្រមូលយកថាមពលពីប្រតិកម្មនុយក្លេអែរមានសុវត្ថិភាព ដែលហៅថា Nuclear Fusion។
ប្រទេសជប៉ុន កាលពីថ្ងៃទី 01 ខែធ្នូ បានសម្ពោធដាក់ដំណើរការ JT-60SA ដែលជាម៉ាស៊ីនប្រតិកម្មនុយក្លេអែរ ធំជាងគេបង្អស់ក្នុងពិភពលោក ដោយអាចបង្កើតប្លាស្មាដែលមានកម្ដៅរហូតដល់ 200 លានអង្សាសេ។ បច្ចេកវិទ្យានេះត្រូវបានរំពឹងថា នឹងដោះស្រាយបញ្ហានៃតម្រូវការថាមពលពីប្រតិកម្មនុយក្លេអែរសុវត្ថិភាព និងមិនបញ្ចេញឧស្ម័នកាបូន។ នេះគឺជាជំហានដំបូងនៅក្នុងការត្រួតពិនិត្យ វាយតម្លៃលទ្ធភាពនៃការដាក់ឱ្យដំណើរការម៉ាស៊ីនប្រតិកម្មនុយក្លេអែរសុវត្ថិភាពក្នុងទ្រង់ទ្រាយធំ។
គម្រោងដែលជាកិច្ចសហការរវាងអឺរ៉ុប និងជប៉ុន និងស្ថិតនៅក្នុងរាជធានីតូក្យូនេះ គឺជាការធ្វើត្រាប់តាមដំណើរការរបស់ព្រះអាទិត្យ។
ប្រតិកម្មនុយក្លេអែរប្រភេទ Nuclear Fusion របស់ម៉ាស៊ីន JT-60SA គឺផ្ទុយពីប្រតិកម្មនុយក្លេអែរបែប Nuclear Fission ក្នុងនោះ Nuclear fuSion មានសុវត្ថិភាពជាងឆ្ងាយ បើធៀបនឹងប្រតិកម្មនុយក្លេអែរដែលពេញនិយមនាបច្ចុប្បន្ន។