យោងតាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានប្រកាសកាលពីថ្ងៃទី 30 វិច្ឆិកា 2023 ក្រុមហ៊ុនចំនួនប្រាំទទួលបានការអនុញ្ញាតឱ្យសាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយនឹងទុនវិនិយោគ 35.3 លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។
ក្រុមហ៊ុនទាំងនេះរួមមាន៖
ក្រុមហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។
ក្រុមហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,896 កន្លែង។
ក្រុមហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 238 កន្លែង។
ក្រុមហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន 1,790 កន្លែង។
ក្រុមហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ69 ផ្លូវជាតិលេខ2 ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 467 កន្លែង។
ជាសរុប បណ្ដាគម្រោងដែលមានសរុប 35.3 លានដុល្លារអាម៉េរិកនេះ អាចបង្កើតការងារបានជាង 8,700 កន្លែង៕