រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ឈប់ការសាងសង់រោងចក្រផលិតអគ្គិសនីដែលប្រើប្រាស់ថាមពលពីធ្យូងថ្ម និងពិនិត្យលទ្ធភាពបិទទ្វារបណ្ដារោងចក្រប្រភេទនេះនៅមុនកាលកំណត់។
ប្រកាសខាងលើត្រូវបានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងនៅក្នុងពិធីបិទទ្វារទំនប់សាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី 30 វិច្ឆិកា 2023។
យោងតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីធានាចំពោះគោលដៅបន្សាបកាបូន និងគោលដៅផ្គត់ផ្គង់ថាមពលស្ថិរភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។
មុននោះ កាលពីថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តផ្អាកគម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីប្រើប្រាស់ធ្យូងថ្មកម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅក្នុងខេត្តកោះកុង និងប្ដូរទៅជាកម្រោងអភិវឌ្ឍថាមពលឧស្ម័នធម្មជាតិរាវ (LNG)។
បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល ក៏កំពុងធ្វើបច្ចុប្បន្នភាពផែនការមេ ស្ដីពីការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយលើឥន្ធនៈ និងដើម្បីការពារបរិស្ថាន៕