ក្នុងបញ្ជីចំណាត់ថ្នាក់នៃបណ្ដាទីក្រុងដែលការចំណាយក្នុងការរស់នៅរបស់ប្រជាជន មានកម្រិតខ្ពស់ជាងគេលើពិភពលោក សម្រាប់ឆ្នាំ 2023 ទីក្រុងសិង្ហបុរី និងហ្សូរិចកំពុងនាំមុខគេ។
ទីក្រុងសិង្ហបុរី (Singapore) ធ្លាប់បាននាំមុខគេ 9 លើក ក្នុងរយៈពេល 11 ឆ្នាំ នៅក្នុងបញ្ជីចំណាត់ថ្នាក់ប្រចាំឆ្នាំ ស្ដីពីបណ្ដាទីក្រុងដែលការចំណាយក្នុងការរស់នៅរបស់ប្រជាជន មានកម្រិតខ្ពស់ជាងគេលើពិភពលោក ខណៈដែលទីក្រុងហ្សូរិច បានលោតពីចំណាត់ថ្នាក់ទី 6 ឡើងមកកាន់លេខ 1 ជាមួយនឹងសិង្ហបុរី។ ការចំណាយខ្ពស់នៅទីក្រុងសិង្ហបុរី កើតមានដោយសារថ្លៃដឹកជញ្ជូន ថ្លៃសម្លៀកបំពាក់ ស្បៀងអាហារ និងភេសជ្ជៈជាដើម។ ចំណែកទីក្រុងហ្សូរិចរបស់ប្រទេសស្វ៊ីស កើនចំណាត់ថ្នាក់ដោយសារតែឥទ្ធិពលរបស់រូបិយប័ណ្ណហ្វ្រង់ស្វ៊ីស និងការឡើងថ្លៃរបស់ទំនិញ និងសេវាកម្មកម្សាន្ត។
បណ្ដាទីក្រុងដូចជា ហ្សឺណែវ (Geneva) របស់ប្រទេសស្វ៊ីស, ញូវយ៉ក (New York) របស់សហរដ្ឋអាម៉េរិក, ហុងកុង (Hong Kong) របស់ប្រទេសចិន, ឡូសអាន់ជឺឡេស (Los Angeles) របស់សហរដ្ឋអាម៉េរិក, ប៉ារីស (Paris) របស់ប្រទេសបារាំង, កូប៉ិនហាក (Copenhagen) របស់ដាណឺម៉ាក, តេលអាវីវ (Tel Aviv) របស់អ៊ីស្រាអែល និងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាម៉េរិក ក៏ស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់នេះ។
ទ្វីបអាស៊ីមានកំណើនអតិផរណាទាបជាង បើធៀបនឹងតំបន់ដទៃ។ ការប្រៀបធៀបតម្លៃទំនិញ និងសេវាកម្ម 200 មុខ ត្រូវបានធ្វើឡើងលើទីក្រុងចំនួន 173 ក្នុងពិភពលោក។ ដាម៉ាស (Damascus) របស់ប្រទេសស៊ីរី និង តេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ គឺជាទីក្រុងដែលមានថ្លៃទំនិញ និងសេវាកម្មទាបជាងគេលើពិភពលោក។ នេះបើតាមបញ្ជីចំណាត់ថ្នាក់របស់ The Economist៕