នៅក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំ 2023 នេះ កម្ពុជាបានទទួលភ្ញៀវបរទេសជាង 4 លាននាក់ កើនឡើងច្រើនបើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង។
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីចុងសប្ដាហ៍កន្លង ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 មានទេសចរបរទេសជាង 4.4 លាននាក់មកទស្សនាកម្ពុជា ដែលតួលេខនេះកើន 179.7% បើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022។ ក្រសួងឱ្យដឹងថា ទេសចរថៃរួមចំណែករហូតដល់ 1 លាននាក់ ស្មើនឹង 34.1% នៃចំនួនភ្ញៀវបរទេសសរុប ខណៈដែលវៀតណាមរួមចំណែកជាង 8 សែននាក់ ស្មើនឹង 18.7% ស្របពេលដែលចិនរួមចំណែកជាង 4 សែននាក់ ស្មើនឹង 10.3%។
ដោយឡែក ក្នុងខែតុលា កម្ពុជាបានទទួលភ្ញៀវទេសចរណ៍បរទេសចំនួនជាង 480,000 នាក់ កើន 54.9% បើធៀបនឹងខែតុលាឆ្នាំកន្លង។
ក្រៅពីភ្ញៀវមកពីប្រទេសថៃ វៀតណាម និងចិន ពលរដ្ឋនៃប្រទេសមួយចំនួនផ្សេងទៀតក៏រួមចំណែកច្រើននៅក្នុងកំណើនទេសចរបរទេសរបស់កម្ពុជា មានជាអាទិ៍ ឡាវ អាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង អង់គ្លេស និងអូស្ត្រាលី ជាដើម។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរខ្មែរអង្គរ (KATGA) យល់ថា យុទ្ធសាស្ត្រឃោសនា និងទាក់ទាញ់វិនិយោគពីបរទេសមកកាន់កម្ពុជា របស់រាជរដ្ឋាភិបាល បាន និងកំពុងដើរតួនាទីសំខាន់នៅក្នុងការជំរុញកំណើនវិស័យទេសចរណ៍។
«ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងការដាក់ចេញគោលនយោបាយជំរុញកំណើនវិស័យទេសចរណ៍ នឹងបន្តជួយអូសទាញភ្ញៀវបរទេសបន្ថែមទៀត» លោក ខៀវ ធី ថ្លែងដូច្នេះ។
យោងតាមក្រសួងទេសចរណ៍ កាលពីឆ្នាំ 2022 កម្ពុជាបានទទួលភ្ញៀវទេសចរណ៍បរទេសជិត 2.28 លាននាក់ កើន 1,059% បើធៀបនឹងឆ្នាំ 2021។ ក្នុងនោះ ទេសចរពីប្រទេសថៃ វៀតណាម ឡាវ និងចិន រួមចំណែក 1,516,855 នាក់ ស្មើនឹង 66.62% ធៀបនឹងភ្ញៀវបរទេសសរុប៕