ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023 វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានជិត 28.85 ពាន់លានដុល្លារអាម៉េរិក កើនជិត 15% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ នេះបើតាមក្រសួងសេដ្ឋកិច្ចនិងវិនិយោគវៀតណាម។
សារព័ត៌មានវៀតណាមបានចេញផ្សាយថា គោលនយោបាយគាំពារ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន ត្រូវបានគេជឿថា បានជួយឱ្យសហគ្រាសនានាទទួលបានស្ថិរភាពក្នុងការផលិត និងការធ្វើអាជីវកម្ម នាំឱ្យទុន FDI មានការកើនឡើង។
ដៃគូសហការលំដាប់កំពូលៗរបស់វៀតណាម នៅតែជា សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង។ បើទោះជាការនាំចេញ នាំចូលដែលបានពីគម្រោង FDI មានការថយចុះ ប៉ុន្តែទុនវិនិយោគផ្ទាល់ពីបរទេសនៅតែរួមចំណែកធំធេងនៅក្នុងចំណូលសរុបទូទាំងប្រទេស។
គិតចាប់ពីដើមឆ្នាំមកដល់ថ្ងៃទី 20 វិច្ឆិកា 2023 វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីបានជិត 28.85 ពាន់លានដុល្លារអាម៉េរិក កើន 14.8% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 និងកើន 0.1% បើធៀបនឹងខែតុលា 2023។
បច្ចុប្បន្ន FDI នៅវៀតណាម នៅមានគម្រោងចំនួន 38,844 ទៀតដែលនៅមានសុពលភាព និងមានតម្លៃសរុបជិត 462.4 ពាន់លានដុល្លារអាម៉េរិក។ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម នៅតែជាវិស័យដែលទទួលបានទុនវិនិយោគច្រើនជាងគេ។ ទីក្រុងហូជីមិញ ខេត្តប៊ិញយឿង និងរដ្ឋធានីហាណូយ នៅតែជាតំបន់ដែលទាក់ទាញបានទុន FDI ច្រើនជាងគេ ខណៈខេត្តក្វាងនិញ និងបាក់និញ ក៏ជាតំបន់ដែលកំពុងលេខធ្លោផងដែរ៕