ខណៈដែលកេរ្តិ៍ឈ្មោះកំពុងតែមានភាពល្បីល្បាញខ្លាំងនៅក្នុងការសម្ដែងខ្សែភាពយន្តខ្នាតធំរហូតសាយភាយទៅដល់ក្រៅស្រុកថាជាតារាដែលកំពុងស្ថិតនៅលំដាប់កំពូលនោះ កញ្ញា ឌុចលីដាស្រាប់តែកាលពីពេលថ្មីៗនេះបានជួបនឹងបញ្ហារង្គោះរង្គើដ៏ធំមួយ ជាមួយផលិតករដ៏ល្បីឈ្មោះ ពាក់ព័ន្ធទៅនឹងការមិនទទួលបានប្រាក់កម្រៃនៃការថតដូចការសន្យា រហូតធ្វើឱ្យតារាស្រីរូបនេះដាច់ចិត្តសរសេរសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម រិះគន់សំដៅទៅលើផលិតកររូបនោះថែមទៀតផង។ យ៉ាងណាក៏ដោយ នៅមិនយូរប៉ុន្មាន ជាការឆ្លើយតបទៅនឹងកំពូលតារាសម្ដែងមុខសិចស៊ីម្នាក់នេះ លោក គាំ ចន្ធី ដែលជាផលិតករពាក់ព័ន្ធនឹងរឿងនេះក៏បានចេញមុខនិយាយបញ្ជាក់ពីមូលហេតុ ជាមួយនឹងការលើកឡើងថា ឌុច លីដាជាតារាដែលពិបាកធ្វើការជាមួយ និងបង្កឱ្យផលិតកម្មរបស់លោកជួបផលលំបាកថែមទៀតផង។
លោក គាំ ចន្ធី បានប្រាប់បណ្តាញសារព័ត៌មានកាលពីពេលកន្លងទៅថា ឌុច លីដា បានកុងត្រាថតរឿងភាគឱ្យលោក ក្រោមចំណងជើងថា “ទូកបាត់ច្រវ៉ា” ដោយក្នុងពេលកុងត្រានាងបានសន្យាឱ្យថ្ងៃថតលើសពីមួយថ្ងៃក្នុងមួយសប្ដាហ៍ប៉ុន្តែភាគតិច ដែលនាងគោរពតាមពាក្យសន្យាក្នុងពេលដែលនៅថ្ងៃខ្លះនាងមកយឺតយ៉ាវដល់ទៅមួយព្រឹកៗធ្វើឱ្យលោកខាត់បង់។ លោកបន្តថា ក្រោយទទួលនាងឱ្យសម្ដែងជាតួក្នុងរឿង “ទូកបាត់ច្រវ៉ា” លោកមានសម្ពាធយ៉ាងខ្លាំង ដោយសារតែនាងជាអ្នកធ្វើឱ្យយឺតយ៉ាវចំពោះ
ការផលិតរបស់លោក ខណៈដែលរឿង “ទូកបាត់ច្រវ៉ា” ត្រូវដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN តាំងពីថ្ងៃទី16 ខែកញ្ញា ប៉ុន្តែរហូតមកដល់ពេលនេះនៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា មានថ្ងៃថតតិចពេក ហើយក្នុងពេលមកថតម្ដងៗក៏សុំសម្រាក ព្រោះតែជាប់ស្រវឹងពីយប់ និងជួនកាលគឺណាត់ម៉ោង6ព្រឹក មកថតម៉ោង8 ឬម៉ោង10ក៏មាន។
ផលិតកររូបនេះអះបានអាងថា រឿង “ទូកបាត់ច្រវ៉ា” ទើបតែថតបានជាង20ភាគប៉ុណ្ណោះ ក្នុងចំណោម30ភាគ ហើយលោកនឹងមានវិធានការចំពោះ ឌុច លីដា ផងដែរ ប្រសិនបើក្រោយផ្ទុះរឿងចម្រូងចម្រាស់ ស្រាប់តែ ឌុច លីដាមិនព្រមមកថតបញ្ចប់រឿង ដូចការកំណត់ក្នុងកុងត្រា។ លោកនិយាយថា បើឈានដល់ដំណាក់កាលចាំបាច់ លោកនឹងសម្រេចកែប្រែខ្លឹមសារដោយតម្រូវឱ្យតួឯកស្រីស្លាប់កណ្ដាលទី ហើយដាក់ជំនួសតួអង្គមួយថ្មី ប៉ុន្តែបើឈានដល់ដំណាក់កាលត្រូវផ្លាស់ប្ដូរសាច់រឿងនោះមែន លោកក៏នឹងរៀបមេធាវីដាក់បណ្ដឹងប្តឹង ឌុច លីដា ឱ្យសងថ្លៃការផលិតរឿងរបស់លោកទាំងស្រុង តាំងពីការចំណាយផលិតពីដើមរឿងមកទល់នឹងពេលនាងបញ្ឈប់ការសម្ដែងនោះផងដែរ។ លោកបញ្ជាក់ដោយកំហឹងថា បើផលិតករនៅស្រុកខ្មែរមានតារាសម្ដែង
ដែលមានអត្តចរិកដូច ឌុច លីដា ដែលលោកធ្លាប់ជួប គឺផលិតកម្មទាំងនោះនឹងបះជើងហើយ ដោយសារតែត្រូវខាតថ្ងៃ ខាតម៉ោង ផលិតឱ្យគេមិនទាន់ហើយត្រូវគេឱ្យសងជាដើម៕