(ប្រទេសចិន) – គំរូដំបូងរបស់ SSPS ដែលជាប្រព័ន្ធទាញយក និងប្រើប្រាស់អគ្គិសនីពីព្រះអាទិត្យនៅទីអវកាស ដើម្បីបាញ់បញ្ជូនមកកាន់ផែនដី និងបញ្ចូលថាមពលឱ្យផ្កាយរណប ត្រូវបានស្ថាបនារួចរាល់ និងកំពុងដាក់ឱ្យដំណើរការសាកល្បង។
ប្រទេសចិនកំពុងតែអភិវឌ្ឍស្ថានីយអគ្គិសនីព្រះអាទិត្យអវកាស (SSPS – Space Solar Power System) ដែលមានសមត្ថភាពបាញ់បញ្ជូនអគ្គិសនីចុះមកកាន់ផែនដី និងបញ្ចូលអគ្គិសនីឱ្យផ្កាយរណបនៅលើគន្លងតារាវិថីផែនដី។ ស្ថានីយគំរូរបស់ SSPS ត្រូវបានស្ថាបនារួចរាល់ និងកំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅទីក្រុងស៊ីអាន (Xi An) នៃខេត្តសានស៊ី (Shaanxi)។
គម្រោងអភិវឌ្ឍ SSPS ត្រូវបានដាក់ឈ្មោះឱ្យថា Zhu Ri ដែលមានន័យថា «ដេញតាមព្រះអាទិត្យ» ចាប់ផ្ដើមដំណើរការតាំងពី 6 ឆ្នាំមុន។ ស្ថានីយគំរូដំបូងនេះរួមមាន គ្រោងដែកកម្ពស់ 75 ម៉ែត្រ និងមានចានដែកបំពាក់ផ្ទាំសូឡាដ៏ធំមួយនៅខាងលើ ដែលត្រូវបានរចនាឡើងដើម្បីធ្វើតេស្តប្រព័ន្ធផលិតអគ្គិសនីពេញលេញមួយនៅទីអវកាស និងបាញ់បញ្ជូនមកកាន់ផែនដី ដើម្បីបំប្លែង និងផ្គត់ផ្គង់តាមតម្រូវការ។
SSPS នឹងបញ្ជាក់អំពីលទ្ធភាព និងសក្ដានុពលនៃដំណើរការទាំងស្រុង តាំងពីការបំប្លែងពន្លឺឱ្យទៅជាអគ្គិសនី ការបំប្លែងអគ្គិសនីឱ្យទៅជារលកកម្ដៅមីក្រូវ៉េវ ការបាញ់បញ្ជូនរលកមីក្រូវ៉េវ និងការបំប្លែងរលកកម្ដៅមីក្រូវ៉េវឱ្យទៅជាអគ្គិសនីចរន្តជាប់។ នេះគឺជាប្រព័ន្ធដំបូងដែលស្ថិតក្នុងប្រភេទនេះនៅលើពិភពលោក ដែលបានឆ្លងកាត់ការសាកល្បងបែបនេះ។
«យើងសម្រេចបានការសាកល្បងគំរូដំបូងនៅលើផែនដី» លោក Duan Baoyan ប្រធានគម្រោង Zhu Ri មកពីបណ្ឌិត្យសភាបច្ចេកទេសចិន ឱ្យដឹងដូច្នេះ។ លោក Baoyan បន្តថា កាលពីថ្ងៃទី 05 មិថុនា 2022 ប្រព័ន្ធនេះបានឆ្លងផុតការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាជំនាញមួយរួចទៅហើយ៕