ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) និងទីភ្នាក់ងារអវកាសជប៉ុន (ចាសា) កំពុងរៀបផែនការបាញ់បង្ហោះផ្កាយរណបធ្វើពីឈើដំបូងគេលើពិភពលោក ឡើងទៅកាន់ទីអវកាស។
យោងតាមព័ត៌មានពីណាសា (NASA) របស់អាម៉េរិក និងចាសា (JAXA) របស់ជប៉ុន ផ្កាយរណបប៉ុនពែងកាហ្វេដែលធ្វើពីឈើ Magnolia គ្រោងនឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីផែនដីនៅក្នុងរដូវក្ដៅឆ្នាំ 2024។
ឈើគឺជាវត្ថុធាតុដែលនឹងមិនឆេះ ឬរលួយនៅក្នុងបរិស្ថានសុញ្ញកាសរបស់អវកាស ប៉ុន្តែនឹងត្រូវបានដុតឆេះម៉ត់ជាធូលី នៅពេលវិលត្រលប់ចូលក្នុងបរិយាកាសផែនដី។ ចំណុចពិសេសនេះធ្វើឱ្យឈើក្លាយជាវត្ថុធាតុមានប្រយោជន៍សម្រាប់ផ្កាយរណបនាពេលអនាគត។
ក្រោយពីបានធ្វើការពិសោធដោយជោគជ័យនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីដើមឆ្នាំ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ផ្កាយរណបធ្វើពីឈើ ពិតជាសមស្របសម្រាប់ការបាញ់បង្ហោះសាកល្បង។ ប្រភេទឈើដែលត្រូវបានអ្នកវិទ្យាសាស្ត្រជ្រើសរើសយកមកផលិតផ្កាយរណប គឺឈើ Magnolia។
បច្ចុប្បន្ន នៅជុំវិញគន្លងតារាវិថីផែនដី មានវត្ថុអវកាសជាង 8,440 តោន រួមទាំងសំរាមអវកាស ដែលមានដូចជា ផ្កាយរណបដែលខូច និងបំណែករ៉ុក្កែតដែលលែងប្រើប្រាស់ជាដើម។ ទាំងនេះបានធ្វើឱ្យពន្លឺពេលរាត្រីកើនខ្ពស់ជាងមុន 10% បង្កការរំខានដល់ការសង្កេតមើលទៅកាន់ទីអវកាស។
ក្រុមអ្នកជំនាញនិយាយថា ផ្កាយរណបដែលធ្វើពីឈើ មានដូចជា LignoSat ជាដើម នឹងបង្កផលប៉ះពាល់តិចជាង បើធៀបនឹងសំរាមអវកាសនាបច្ចុប្បន្ន ព្រមទាំងកាត់បន្ថយការចំណាយបានច្រើនផងដែរ៕