ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកជួយកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះបើតាមប្រកាសកាលពីថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។
«កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោកស្រីបន្តថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។
ADB ដែលជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រដល់គម្រោងវិនិយោគសាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូចជាធានានូវការបែងចែកថវិកាដែលទាក់ទងនឹងការកសាងភាពធន់នឹងផលប៉ះពាល់ដែលកើតឡើងពីបញ្ហាប្រែប្រួលអាកាសធាតុផងដែរ៕