(ភ្នំពេញ) – ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួងក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែលមានដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។
ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមប្រកាសរបស់ ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី 05 ខែឧសភា ឆ្នាំ 2023៕