កាលពីថ្ងៃទី 20 ខែវិច្ឆិកា 2023 វេទិកា «ធុរកិច្ច ភាពជាដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន» ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីឱកាស និងសក្តានុពលវិនិយោគនៅក្នុង កម្ពុជា ក៏ដូចជាការស្វែងរកដៃគូ និង កិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ត្រូវបានរៀបចំឡើងដោយមានការផ្តូចផ្តើមពីធនាគារ អេស៊ីលីដា និង សហការដោយសមាគមជប៉ុន-កម្ពុជា។
ជំនួបធុរកិច្ចនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគជប៉ុនមកពី 28 ក្រុមហ៊ុន និង អ្នកវិនិយោគកម្ពុជា មកពីក្រុមហ៊ុនជាង 30 ស្ថាប័ន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីដើមសប្ដាហ៍នេះ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ឱ្យដឹងថា ជំនួបធុរកិច្ចខាងលើនេះគឺជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុន ជួបគ្នា និងសិក្សាស្វែងរកអត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនៅ កម្ពុជា។
វិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញ និងសម្បូរបែប។
នេះជាលើកទីបីហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគមជប៉ុន-កម្ពុជា រៀបចំវេទិកា «ធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន»។ វេទិកានេះ ត្រូវបានគេរំពឹងថា ជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹង និង បំពេញតម្រូវការជូនធុរជនក្នុងការស្វែងយល់ពីវិស័យធុរកិច្ចនានានៅកម្ពុជា៕