(ឡាវ) – 9 ខែដំបូងនៃឆ្នាំនេះ តម្លៃសរុបនៃការនាំចេញទំនិញរបស់ប្រទេសឡាវ សម្រេចបានជិត 6 ពាន់លានដុល្លារអាម៉េរិក ស្មើនឹង 72.94% ធៀបនឹងផែនការសម្រាប់ឆ្នាំ 2023 ហើយគ្រោងនឹងសម្រេចបានជាង 8 ពាន់លានដុល្លារ នៅក្នុងរយៈពេលពេញមួយឆ្នាំនេះ ដែលស្មើនឹង 97.71% នៃផែនការ។
ចំណែកតម្លៃនៃការនាំចូលទំនិញវិញ ក្នុង 9 ខែនេះ ឡាវសម្រេចបានជាង 5 ពាន់លានដុល្លារអាម៉េរិក ស្មើនឹងជាង 70% នៃផែនការប្រចាំឆ្នាំ ហើយគ្រោងនឹងសម្រេចបានជិត 7 ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ដែលស្មើនឹង 97.71% បើធៀបនឹងផែនការសម្រាប់ឆ្នាំ 2023។
លោក Khamchen Vongphosy រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ បានឱ្យដឹងថា 9 ខែដំបូងនៃឆ្នាំ 2023 សេដ្ឋកិច្ចឡាវបន្តមានកំណើន ពិសេសគឺវិស័យកសិកម្ម-ព្រៃឈើ ដែលអាចមានកំណើន 3.4% និងរួមចំណែក 17.3% ទៅក្នុង GDP (ផលិតផលក្នុងស្រុកសរុប) ហើយអាចកើនដល់ 21.4% នៃ GDP នៅត្រឹមដំណាច់ឆ្នាំនេះ។
ទន្ទឹមនឹងនេះ វិស័យឧស្សាហកម្មរបស់ឡាវ ក៏មានកំណើន 3.5% ស្មើនឹង 34.5% នៃ GDP ខណៈវិស័យទេសចរណ៍មានកំណើន 5.6% ស្មើនឹង 37.2% នៃ GDP នៅក្នុង 9 ខែដំបូងនៃឆ្នាំនេះ៕