នាយកប្រតិបត្តិរបស់ Volkswagen លោក Oliver Blume ឱ្យដឹងថា រថយន្តអគ្គិសនីមួយប្រភេទដែលមានតម្លៃប្រហែល 22,000 ដុល្លារអាម៉េរិក នឹងអាចត្រូវបានផលិតនៅចុងទសវត្សរ៍នេះ។
យោងតាម Reuters លោក Blume បកស្រាយថា ការថយចុះនៃតម្លៃថ្មផ្ទុកអគ្គិសនីនឹងជាកត្តាជំរុញចម្បងដែលធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃទាបជាងបច្ចុប្បន្ន។
Volkswagen កាលពីខែមីនា 2023 បានបង្ហើបឱ្យដឹងអំពីគម្រោងសម្រាប់ម៉ូដែលរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតរបស់ខ្លួន នោះគឺ concept ID 2all ដើម្បីប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនដូចជា Tesla និង BYD ជាដើម ដែលកំពុងនាំមុខគេនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ពិភពលោក។ ID 2all នឹងមានតម្លៃចាប់ពីក្រោម 27,000 ដុល្លារ និងអាចបរបាន 450 គីឡូម៉ែត្រ ក្រោយពីបានបញ្ចូលអគ្គិសនីមួយពេញ។
កំណែសម្រាប់ផលិតរបស់ ID 2all នឹងត្រូវបានបង្ហាញខ្លួននៅទ្វីបអឺរ៉ុប ក្នុងឆ្នាំ 2025។ Volkswagen ក៏បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងអភិវឌ្ឍរថយន្តអគ្គិសនីមួយប្រភេទដែលមានតម្លៃក្រោម 22,000 ដុល្លារផងដែរ។
ម៉ូដែលចុងក្រោយនេះត្រូវបានគេជឿថា នឹងមានឈ្មោះថា ID 1 ហើយជាម៉ូដែលរថយន្តអគ្គិសនីតូចបំផុត និងមានតម្លៃទាបបំផុតរបស់ VW។ ទំព័រ Autocar ចេញផ្សាយថា ID 1 នឹងមានទំហំដូចទៅនឹងរថយន្ត Polo ប្រើសាំង។
ID 1 អាចនឹងមានថ្មផ្ទុកអគ្គិសនីពីរជម្រើសគឺ 38 គីឡូវ៉ាត់ម៉ោង ឬ 58 គីឡូវ៉ាត់ម៉ោង ដែលដូចទៅនឹង ID 2all។
ថ្មីៗនេះ អ្នកផលិតរថយន្តមួយចំនួនបានសន្យាថា នឹងបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មីដែលមានតម្លៃទាបនាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះក៏មានក្រុមហ៊ុន Citroen របស់ Stellantis ជាដើម ដែលអះអាងថា នឹងមានរថយន្តអគ្គិសនីតម្លៃប្រហែល 21,000 ដុល្លារអាម៉េរិក៕