វិធី​ថែរក្សា​សក់​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច

នៅពេល​រៀប​អាពាហ៍ពិពាហ៍​រួច សម្រស់​របស់​កូនក្រមុំ​ដែល​ស្រស់ស្អាត​ដូច​ទេពធីតា នឹង​ត្រូវបាន​បំផ្លាញ់ ជាពិសេស​សក់​របស់​អ្នក​តែម្តង។ ដោយសារ​ការធ្វើ​ម៉ូដ​សក់​របស់​កូនក្រមុំ ដែល​ផ្លាស់ប្ដូរ​ម៉ូដ​សក់​ជាច្រើន​ម៉ូដ ហើយ​ម៉ូដ​សក់នីមួយៗ ត្រូវតម្រូវ​ទៅតាម​ឈុតសម្លៀក​បំពាក់ ដែល​សមស្រប​ទៅតាម​ក​ម្ម​វិធីនីមួយៗ មាន​ទៅតាម​ទំនៀម​ទម្លាប់​ប្រពៃណី​បុរាណ​ខ្មែរ​យើង។ ភ្នួ​ង ឬ​ជាង​ផាត់មុខ​ធ្វើ​សក់​នៅក្នុង​កម្មវិធី​មង្គលការ តែងតែ​ណែនាំ​ម៉ូដ​សក់​ដែល​សម​នឹង​ទម្រង់​មុខ និង​ម៉ូដ​សក់​ដែល​ងាយ​ផ្លាស់ប្ដូរ​ស្ទា​យល៍ ពេលវេលា​មួយថ្ងៃ​នៅក្នុង​កម្មវិធី​មង្គលការ គឺ​ពិតជា​ខ្លី​ខ្លាំងណាស់ អ្នក​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​សក់​មិនឱ្យ​ខូច​នោះទេ ដូច្នេះ​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច អ្នក​ត្រូវធ្វើ​ការថែរក្សា​សុខភាព​សក់​របស់​អ្នក​ឱ្យ​បានល្អ​ឡើងវិញ​តាម​វិធីសាស្រ្តដូចខាងក្រោម​នេះ។

ដើម្បីឱ្យ​ម៉ូដ​សក់​ស្អាត ជាង​ធ្វើ​សក់​បាន​ប្រើ​ថ្នាំ​បាញ់​ឱ្យ​សក់​រឹង ឬ​ភាសាបរទេស​ហៅថា Spray(ស្ព្រៃ​យ៍) ក្នុង​ការជួយ​ឱ្យ​សក់​រឹង​ជាប់​ម៉ូដ​បាន​ក្នុង​រយៈពេល​យូរ ហើយ​នៅក្នុង​ថ្ងៃ​មង្គលការ គឺ​ជាង​បាន​ប្រើ​បាញ់​សក់​កូនក្រមុំ​ច្រើន​ខ្លាំងណាស់ដែល​ធ្វើឱ្យ​សក់​របស់​អ្នក​ត្រូវ​រង​នូវ​ការខូចខាត​ជាខ្លាំង ពីព្រោះ​មិន​ត្រឹមតែ​បាញ់​ស្ព្រៃ​យ៍​ច្រើន​នោះទេ គឺ​ត្រូវ​រង​នូវ​កម្ដៅ​របស់​ម៉ាស៊ីន​កៀប​សក់​ទៀតផង ដោយ​មិនមាន​ពេលវេលា​ថែរក្សា​សក់ លាងជម្រះ​សក់​នឹង​សាប៊ូ​កម្ចាត់​សារធាតុ​ស្ព្រៃ​យ៍​នោះឡើយ ដែលជា​មូលហេតុ​មួយ​បណ្ដាលឱ្យ​សក់​របស់​កូនក្រមុំ​ត្រូវ​រឹង​ខូច និង​មិនមាន​សុខ-​ភាពល្អ​នោះទេ។ តែ​កុំ​ព្រួយបារម្ភ​អី ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​នបាន​ពាំ​នាំនូវ​វិធីសាស្ត្រ​ព្យាបាល​ឱ្យ​សក់​ស្រស់ស្អាត ភ្លឺរលោង​ឡើងវិញ ក្រោយ​ពីថ្ងៃ​រៀប​មង្គលការ​បានបញ្ចប់ ដោយ​វិធី​បែប​ធម្មជាតិ ហើយ​ចំណាយ​ថវិកា​អស់​តិច​ថែម​ទៀតផង។ ខាងក្រោម​នេះ​គឺជា​វត្ថុ​ធាតុ​ផ្សំ និង​វិធី​ធ្វើ​សាប៊ូកក់សក់​តាមបែប​ធ​ម្ម​ជាតិ​សម្រាប់​កូនក្រមុំ​ថ្មោងថ្មី៖

វត្ថុ​ធាតុ​ផ្សំ
– ស៊ុតមាន់ 1គ្រាប់
– ក្រូចឆ្មារ 1ផ្លែ

របៀប​ធ្វើ​សាប៊ូកក់សក់
1. ដំបូង​អ្នក​ត្រូវ​គោះ​ស៊ុតមាន់​ដាក់ចូល​ក្នុង​ចាន ហើយ​ច្របាច់​ក្រូចឆ្មារ​យក​ទឹក រួច​ចាក់​ចូលទៅក្នុង​ចាន​ស៊ុតមាន់​តែមួយ។
2. បន្ទាប់មក​យក​ស្លាបព្រា​បាយ​វាយ​បំបែក​ស៊ុតមាន់ និង​កូរទឹក​ក្រូចឆ្មារ​លាយ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយ។
3. រួច​សឹម​យក​ល្បាយ​ដែល​ផ្សំ​ហើយ​នេះ​មក​កក់សក់​របស់​អ្នក​ឱ្យ​សព្វ​សរសៃសក់ ហើយ​ផ្អាប់​ទុក​រយៈពេល15-20នាទី។
4. ត្រូវធ្វើ​ម៉ាស្សា​សរសៃសក់​របស់​អ្នកថ្នមៗ ដោយ​ច្បូតសក់​ពី​គល់់​រហូតដល់​ចុង​សរសៃសក់។
5. ជា​ចុង​ក្រោយនេះ អ្នក​ត្រូវ​លាង​សម្អាត​សក់​ជាមួយ​ទឹកស្អាត​ជាមុនសិន រួចរាល់​ហើយ សូម​កក់សក់​ជាមួយ​សាប៊ូ និង​ក្រែក​បន្ទន់​សក់​តាម​ធម្ម​តា​ជាការ​ស្រេច។
6. ចូរ​អនុវត្ត​បែបនេះ​ឱ្យបាន2ដង​ក្នុង​មួយថ្ងៃ នោះ​អ្នកនាង​នឹង​សង្កេតឃើញថា សរសៃសក់​ដែល​រឹង​គ្មាន​សំណើម​របស់​អ្នក​បាន​ប្រែមក​មានជីវិត​រស់​រវើក​ដូចដើម ព្រមទាំង​មាន​សភាព​ទន់ និង​ភ្លឺរលោង​ថែម​ទៀតផង៕

Leave a Comment